បាត់ដំបងៈ បុរសម្នាក់ បានត្រឹមតែមកប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវចាប់ជនសង្ស័យជាចោរ ក្រោយពីគាត់បានទទួលបញ្ញើគេ ចំនួនជាង២ម៉ឺនដុល្លារ ទុកសងឲ្យម្ចាស់អីវ៉ាន់នៅភ្នំពេញ បែរជាត្រូវចោរលួចគាស់យកលុយទៅអស់។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះក្នុងក្រុមទី១៥ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ គង់ ចន្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរត់តាក់ស៊ី ស្នាក់នៅទីតាំងកើតហេតុខាងលើ បានរៀបរាប់ថា មានជនមិនស្គាល់មុខបានដាក់កៅអីខ្ពស់ឡើងតាមរបងផ្ទះខាងក្រោយ គាស់បង្អួចឆ្កឹះយកលុយក្នុងបន្ទប់ដេកអស់ជាង២ម៉ឺនដុល្លារ ពេលដែលគាត់កំពុងសម្រាន្តលក់ក្នុងដំណេក ហើយលុយដែលចោរលួចយកទៅនេះ គឺជាលុយបញ្ញើចំនួនជាង ២ម៉ឺនដុល្លារ ដែលគេផ្ញើទៅឲ្យម្ចាស់អីវ៉ាន់នៅភ្នំពេញ តែមិនទាន់បានផ្ញើផងក៏ត្រូវចោរលួចយកទៅបាត់តែម្តង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត៕

មតិយោបល់