ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ នៅស្រុកពញាឮ!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅត្រង់ចំណុចភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-7314 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1R-9557 បើកបរដោយឈ្មោះ ផួយ ស្រីលីនដា ភេទ ស្រី អាយុ១៤ឆ្នាំ(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ តោ ផួយ ភេទប្រុស អាយុ៧៣ឆ្នាំ ទាំងពីរស្នាក់នៅភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(របួសធ្ងន់)បានបើកឆ្លងថ្នល់ប្រកៀកប្រកិតពីខាងមុខរថយន្ត ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរថយន្តជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីខាងឆ្វេងផ្នែកខាងក្រោយម៉ូតូ បង្កឲ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់