ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកស្ទោង!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបានបុកជាមួយនឹងម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង២៥នាទី ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ភូមិព្រះនង្គ័ល ឃុំុចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកតូយូតា ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-5149 បើកបរពីកើតទៅលិច បានជ្រុលបង្កូតមកកន្លងម៉ូតូ ដែលកំពុងបើកបញ្ច្រាសទិសគ្នា ជ្រុលទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1E-4513 បើកដោយឈ្មោះ ហុិន ហែម ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិប្រដិត ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងបណ្តាលឲ្យអ្នករួមដំណើរជាមួយ២នាក់ទៀត ទី១ឈ្មោះ ហូ មុំ ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិនាងនយ ឃុំចំណារក្រោម ស្រុកស្ទោង ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ ចក់ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំព័រ ឃុំចំណារក្រោម ស្រុកស្ទោង របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់