ព័ត៌មានជាតិ

ករណីរថយន្ត​ពីរគ្រឿង​បុកគ្នាពេញទំហឹង​ ខ្ទាត​ទៅ​បុក​របងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ:​ នា​វេលា​ម៉ោង​១២និង០០នាទីយប់​ថ្ងៃទី២៩ ខែវិច្ឆិកា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត​ ម៉ាក CAION មួយគ្រឿង និង​​រថយន្តម៉ាក Toyota Prius ​មួយ​គ្រឿង ​បុក​គ្នាពេញទំហឹងនៅផ្លូវបែកជាបួន ​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បុក​របងផ្ទះពលរដ្ឋ​រងការខូចខាត ទីតាំងត្រង់​ចំណុច​ស្តុប​២៤ម៉ោង​សែនសុខ​ ស្ថិតតាមបណ្ដោយ​ផ្លូវ​ហាណូយ​ កែងនឹងផ្លូវ​សម្តេច​ ជា ស៊ីម​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅ​មុនពេល​កើតហេតុ​ គេឃើញ​ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាកToyota Prius ពណ៌​ស​ មួយគ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ​2AZ-6983 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​សម្ដេច​ជាស៊ីម​ មានទិសដៅ​ពី​លិចទៅកើត​ ​ពេល​នោះ​ក៏មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ CAION ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BO-5672 បើក​ដោយ​បុរស​ម្នាក់ ​តាមបណ្ដោយ​ផ្លូវ​ហាណូយ​ មានទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុងល្បឿន​លឿន មកដល់ចំណុច​កើតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​គ្នាពេញទំហឹង​ បណ្តាលឲ្យរថយន្តម៉ាក ​CAION បានខ្ទាតទៅបុក​របងផ្ទះពលរដ្ឋ​បណ្ដាល​ឲ្យ​រងការខូចខាត​ ចំណែក​រថយន្ត Toyota Prius​ បាន​រងការខូចខាត​ផ្នែក​ខាង​មុខ​​យ៉ាង​ដំណំ ​បន្ទាប់​ពី​កើតហេតុ​តៃកុង​រថយន្ត ​CAION បាន​ចុះគេច​ខ្លួនបាត់​ស្រមោល ​។

នៅក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ចបាន​ចុះធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​យកទៅ​រក្សា​ទុក ​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​៕

មតិយោបល់