ព័ត៌មានជាតិ

ប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់វីរកងទ័ពឈរជើង ការពារព្រំដែនជួរមុខ ទិសឧត្តរមានជ័យ

(ខេត្តព្រះសីហនុ)៖នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ជាពេលវេលាមួយ ដែលប្រជាពលរដ្ឋកម្ពុជា ត្រៀមចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ គ.ស២០១៦ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេត្តព្រះសីហនុ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងនាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅឧបត្ថម្ភដល់នាយទាហា នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍ លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងការពារព្រំដែនជួរមុខ កម្ពុជា-ថៃ ទិសឧត្តរមានជ័យ នៅតំបន់ភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

គណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋាររកិច្ច ដោយឯកឧត្តម-ឧត្តមសេនីយឯក កែវ ធី មេបញ្ជាការកងពលធំលេខ២ ឧត្តមសេនីទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ និងនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៤ ក្នុងមនោសញ្ចេតនារីករាយ ផ្សារភ្ជាប់រវាងសមរភូមិមុខ និងមូលដ្ឋានក្រោយ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយខេត្តព្រះសីហនុ ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ និង លោកជំទាវ ព្រមទាំងប្រតិភូ ក៍ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានផ្ដល់ការលើកទឹកចិត្ត និងឧបត្ថម្ភអំណោយដល់យុទ្ធជន កងទ័ពការពារព្រំដែនជួរមុខ នាពេលនេះ។

ក្រៅពីការសំណេះសំណាល និងប្រសិទ្ធិពរជ័យ ជូនកងទ័ពទាំងអស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ ឲ្យខិតខំថែរក្សាការពារ នូវសម្មិទ្ធិផលធំៗ ដែលយើងទទួលបានសព្វថ្ងៃ គឺសុខសន្តិភាព ដែលយើងទាំងអស់គ្នាបានលះបង់ កម្លាំងកាយចិត្ត សាច់់ស្រស់ឈាមស្រស់ ដែលនាំឲ្យជាតិរបស់យើងមានការរីកចំរើនដល់សព្វថ្ងៃ ។

ក្រៅពីនោះ ឯកត្តម អភិបាលខេត្ត ក៍សំណូមពរដល់វីរយុទ្ធជនទាំង សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមអនុវត្តន៍គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងការពារសុខសន្តិភាព សម្មិទ្ធិផលជាតិ និងរាជរដ្ឋាភិបាល។

អំណោយ ដែលនាំយកមកឧបត្ថម្ភដល់កងទ័ពកំពុងឈរជើង ការពារតាមបណ្ដាកងឯកភាព ចំណុះកងពលនាពេលនេះ រួមមាន ៖

១. មី ចំនួន ១០០កេស ,

២. ភេសជ្ជ:គ្រប់មុខ ចំនួន ១៥០កេស ។

៣. ត្រីចំហុយ ចំនួន ១៣៩ជាល ស្មើ ៨៥០គីឡូក្រាម។

៤. ថ្នាំពេទ្យ ១៥មុខ មានតម្លៃជាង ៥លានរៀល។

៥. ទឹកបរិសុទ្ធ ១៥០យួរ។

៦. ឧបត្ថម្ភថវិកា ដល់កងពលធំលេខ២ ចំនួន ៤លានរៀល។

៧. ឧបត្ថម្ភថវិកា ដល់កងពលតូចអន្តរាគមន៍លេខ៤ ចំនួន ៥លានរៀល។

៨. ឧបត្ថម្ភថវិកា ដល់វរៈសេនាតូចអន្តរាគមន៍លេខ២៤១ ថវិកា ចំនួន ៣លានរៀល។

៩. ឧបត្ថម្ភថវិកា វរសេនាតូចលេខ២៤២ ចំនួន ២លានរៀល ។

១០.ឧបត្ថម្ភថវិកា វរសេនាតូច២៤៣ ចំនួន ៣លានរៀល។

១១. ឧបត្ថម្ភវរសេនាតូច២៤៤ ចំនួន ២លានរៀល។

១២. ឧបត្ថម្ភថវិកា ផ្ទាល់ដល់ដៃកងទ័ព ក្នុងម្នាក់ៗ ៣ម៉ឺនរៀល។

១៣. ឧបត្ថម្ភក្រណាត់សំពត់ ជូនគ្រួសារកងទ័ពចំនួន ៧០សំពត់។

ឧបត្ថម្ភថវិកា សាងសង់ជំរំុទ័ព នូវទឹកប្រាក់ចំនួន ៤០លានរៀល និងសង្កសី ចំនួន ១.៥០០សន្លឹក ផងដែរ ៕

photo_2016-04-10_08-18-09 photo_2016-04-10_08-18-12 photo_2016-04-10_08-18-16 photo_2016-04-10_08-18-25 photo_2016-04-10_08-18-23 photo_2016-04-10_08-18-20

មតិយោបល់