(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រា ត្រូវបានបង់ថ្មដួលសង្កត់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នាវេលាម៉ោងប្រហែល ១:៣០នាទី រំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅចំណុច មុខផ្ទះលេខ១០៦ ផ្លូវលេខ៥៩២ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ខឿន ឃីម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្តដឹកអេតចាយ ស្នាក់នៅភូមិបឹងខ្យា៧ ឃុំបារាយណ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះលេខ១០៦ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ ស៊ុន សាំង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ បានអះអាងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ បានត្រឡប់មកពីផ្ទះមិត្តភ័ក្រ្ត ស្ថិតនៅម្តុំស្ទឹងមានជ័យ ហើយបានទិញស្រាថ្នាំមក ផឹកតែម្នាកឯង រហូតដល់ម៉ោងប្រហែល ២៣ៈ០០នាទី អ្នកដែលស្នាក់នៅផ្ទះជាមួយ បាននាំគ្នាចូលដេកលក់អស់ ចំណែកជនរងគ្រោះ នៅតែបន្តផឹកទៀត រហូតដល់ម៉ោងប្រហែល ១:៣០នាទី រំលងអាធ្រាត្រ ខ្លួន (សាក្សី) បានមើលតាមប្រលោះទ្វារ ស្រាប់តែឃើញបង់សង្កត់ពីលើជនរងគ្រោះ ក៏បាននាំគ្នាមកជួយលើកបង់ និងហៅរថយន្ត មកជួយសង្រ្គោះ តែជនរងគ្រោះ បានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស កោសល្យវិច័យ និងគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ ដោយសារមូលហេតុស្លាប់ ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (បង់សង្កត់ពីលើ)។ បច្ចុប្បន្ន សព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕
មតិយោបល់