ព័ត៌មានជាតិ

ខណៈនេះម្ចាស់ទីតាំងបញ្ជល់មាន់ដ៏ធំនៅស្រុកល្វាឯម បានបញ្ជូនចេញពីតុលាការខេត្តកណ្តាលហើយ

កណ្តាលៈ ខណៈនេះនគរបាលខេត្តកណ្តាល ប្រមាណជិត១០នាក់ បានបញ្ជូនខ្លួនម្ចាស់ទីតាំងបញ្ជល់មាន់ដ៏ធំពីទីតាំងចេញពីតុលាការខេត្តកណ្តាល ដោយរថយន្តម៉ាកឡិចសីុស ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.0706 ហើយមុននេះបន្តិច។

បច្ចុប្បន្នម្ចាស់ទីតាំងមិនទាន់មានប្រភពព័ត៌មានណាបង្ហើបថាសម្រេចថាយ៉ាងមេចនោះទេ។

សុំបញ្ជាក់ថា: កាលពីរសៀលថ្ងៃទី៤ ធ្នូ ២០១៧នេះ សមត្ថកិច្ចចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរដែនដីប្រមាណជាង២០០នាក់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តិបង្ក្រាបសង្វៀនបញ្ជល់មាន់អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានឃាត់ខ្លួនមនុស្សជិត២០០ រថយន្តនិងម៉ូតូជិត២០០គ្រឿង មាន់ជល់ជាង១០០ក្បាល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ បានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការនេះយើងបានប្រើប្រាស់កម្លាំងចម្រុះជិត២០០នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន១៥០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន២០នាក់ រួមជាមួយអាជ្ញារឃុំ ស្រុកផងដែរ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី ។
ក្នុងប្រតិបត្តិការនេះយើងបានឃាត់ខ្លួនមនុស្សចំនួន១៧៥នាក់ ដកហូតកាំភ្លើងខ្លី ស៊េរីទំនើបម៉ាក INFINITY ១ដើម បង់ចំនួន២និងគ្រាប់ចំនួន១៦គ្រាប់ រថយន្តចំនួន៦១គ្រឿង ម៉ូតូ១៣៨គ្រឿង មាន់គកចំនួន១១៩ក្បាល ស៊ុមក្រុងមាន់១៦៥ ស្កុតរុំខ្នាយមាន់ចំនួន១៨ដុំ។

លោកស្នងការបានបន្តថា មនុស្សរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាល ខេត្តកណ្តាល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែក ឯរោងសង្វៀនជល់មាន់ត្រូវបានកម្ទេចចោលទាំងស្រុង ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយម្ចាស់ទីតាំងបានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ដោយបន្សល់ទុកនូវរថយន្ត និងកាំភ្លើងខ្លី មួយដើមនៅក្នុងរថយន្ត៕

https://youtu.be/rLeuQL008uY

មតិយោបល់