ព័ត៌មានជាតិ

ផ្អើលយប់មិញ! រ៉ឺម៉កលក់នំកាឆាយកំពុងបើកសុខៗ ត្រូវម៉ូតូស្កុបពី បុកបណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

តាកែវ: កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្ថិតលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៧-៨ ភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូជាមួយម៉ូតូរ៉ឺម៉ក ក្នុងទិសដៅផ្ទុយគ្នា។

ជនរងគ្រោះឈ្មោះ នីវ ទាវ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (រងរបួសធ្ងន់) ។ ជនបង្កហេតុឈ្មោះ កេន វុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ។

ដំណើររឿង៖ មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1S-7031 បើកបរមកពីទិសខាងកើត បានបុកគ្នាជាមួយម៉ូតូរ៉ឺម៉កលក់នំកាឆាយមួយគ្រឿងម៉ាកហុងដាគុបជ្រុង C50 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពត 1D-1723 ដែលបើកមកពីទិសខាងលិច បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរអ្នក។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី។ ចំណែកឯ អ្នករបួសទាំងពីរនាក់ ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ៕

មតិយោបល់