ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកម៉ាកសឺដេស ចេញពីការ៉ាស់សាំងបានបន្តិច ស្រាប់តែម៉ូតូបើកលឿនតាមផ្លូវអទិភាព ជ្រុលបុករថយន្តដួលរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តដែលបើកឡើងផ្លូវបានបន្តិចនោះ ជារថយន្តម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-9086 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ។ រីឯម៉ូតូដែលបើកលឿននោះ ម៉ាកស្កុបពីអាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមាន 1K-0545 ជិះដោយបុរសម្នាក់មានឈ្មោះ ហុង សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុនរបរបញ្ចូលបទភ្លេង ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ខាងលើជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរថយន្តខាងលើបើកចេញពីការ៉ាស់សាំងបត់ទៅទិសខាងត្បូង ឡើងផ្លូវបានបន្តិច ក៏ត្រូវម៉ូតូបុករថយន្តបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅក្នុងហេតុការណ៍នេះដែរ គេឃើញម៉ូតូបើកតាមផ្លូវអទិភាព។ ចំណែកឯរថយន្តបើកឡើងផ្លូវបានបន្តិចប៉ុណ្ណោះក៏ត្រូវម៉ូតបុកពីខាងឆ្វេងផ្នែកខាងមុខបណ្តាលឲ្យរថយន្តកំពិតនៅលើកង់មុខខាងឆ្វេង។ ចំណែកម៉ូតូខ្ទេចកំណាត់មុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុនិងវាស់វែងយកម៉ូតូនិងរថយន្តដាក់អែបខាងផ្លូវ ហើយដំណាងភាគីរងគ្រោះបានមកសម្របសម្រួលជាមួយភាគីរថយន្តបង្ក តែមិនគ្នា ទើបសមត្ថកិច្ចយកម៉ូតូនិងរថយន្តព្រមទាំងហៅតំណាងម៉ូតូរងគ្រោះរួមទាំងអ្នកបើករថយន្តទៅដោះស្រាយបន្តនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕
https://youtu.be/QdVFDMJeRtU
មតិយោបល់