ភ្នំពេញៈ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានស្នើឲ្យប្រទេស ស្វីស ពិនិត្យលទ្ធភាពពង្រឹងសហប្រតិបត្តិការជាមួយក្រសួងដែនដីទៅថ្ងៃអនាគត។
យោងតាមផេក Facebook របស់ក្រសួងដែនដី បានឲ្យដឹងនៅល្ងាចថ្ងៃពុធ ទី០៨ ខែមិថុនានេះថា នៅក្នុងជំនួបជាមួយលោក Ivo Sieber ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជា សុផារ៉ា បានជម្រាបជូនភ្ញៀវអំពីតួនាទីដ៏សំខាន់របស់ក្រសួងក្នុងការធានាសុវត្ថិភាពកម្មសិទ្ធិដីធ្លី ការធានាសុវត្ថិភាពសំណង់ ការរៀបចំដែនដី ក៏ដូចជាការអនុវត្តកម្មវិធីចាំបាច់នានាសំដៅជួយដល់គ្រួសារកងទ័ពនិងគ្រួសារក្រីក្រដែលខ្វះដីពិតប្រាកដ។ លោករដ្ឋមន្រ្តីបានលើកសំណូមពរជូនភាគីស្វីសដើម្បីពិនិត្យលទ្ធភាពពង្រឹងសហប្រតិបត្តិការជាមួយក្រសួងទៅថ្ងៃអនាគត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតស្វីស លោក Ivo Sieber បានលើកឡើងអំពីកម្មវិធីនានាដែលរដ្ឋាភិបាលស្វីសបាននិងកំពុងអនុវត្តនៅកម្ពុជា ពិសេសគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្មនិងសន្តិសុខស្បៀង។ លោកបញ្ជាក់ថា គម្រោងទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងសុវត្ថិភាពដីធ្លីសម្រាប់កសិករ។ លោករីករាយនឹងទទួលយកសំណើរបស់ក្រសួងដាក់ជូនទៅរដ្ឋាភិបាលសហព័ន្ធស្វីសដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕
មតិយោបល់