ភ្នំពេញៈ នៅទីបំផុតមជ្ឈមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីបម្រើ និងផ្ដល់សេវាសាធារណៈរបស់ក្រសួងជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងប្រកបដោយតម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ចំពោះសេវាប្តូរ និងពន្យារប័ណ្ណបើកបរ។
ការសម្រេចដាក់សម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្ដូរ និងពន្យាប័ណ្ណបើកបរថ្មីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយនឹងមន្រ្តីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី៨ ខែមិថុនានេះ នៅទីស្ដីការក្រសួង។
ហ្វេសប៊ុកក្រសួងសាធារណការ ចេញផ្សាយមុននេះប៉ុន្មាននាទី បានឲ្យដឹងថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ជាកាលបរិច្ឆេទសម្រាប់ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ចំពោះសេវាប្តូរ និងពន្យារប័ណ្ណបើកបរ។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះដែរ ប្រធានបទសំខាន់ៗ ដែលបានពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន សេចក្តីប្រកាសមន្ត្រីជាន់ខ្ពស់ ទើបទទួលការតែងតាំងថ្មី ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធអង្គការលេខឡើងវិញ របស់លោកទេសរដ្ឋមន្រ្តី បញ្ហាប្រឈម និងការព្រួយបារម្ភអំពីដីចំណីផ្លូវ ផែនការ និងយុទ្ធសាស្ត្រថែទាំផ្លូវថ្នល់ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន និងយន្តការត្រៀមរៀបចំប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការក្រសួង។ បញ្ហាអាទិភាពទាំងឡាយដែលបានលើកមកពិភាក្សានេះ ពាក់ព័ន្ធទៅនឹង “ផែនការ១០០ថ្ងៃ” ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូន។
កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីការត្រៀមរៀបចំការប្រឡងចូលមន្ត្រីរាជការក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើឲ្យប្រសើរឡើងដល់យន្តការទាំងឡាយដែលពាក់ព័ន្ធនឹងការអនុវត្តក្នុងប្រឡង ធ្វើយ៉ាងណាបង្ហាញពីតម្លាភាព និងភាពត្រឹមត្រូវ ដើម្បីទទួលបានមន្ត្រីថ្មីប្រកបដោយសមត្ថភាពកាន់តែខ្ពស់ ក៏ដូចជាការកសាងសមត្ថភាព និងការបង្កើនល្បឿន នៃការអភិវឌ្ឍកិច្ចការសាធារណៈ និងវិស័យដឹកជញ្ជូនរបស់ប្រទេសឲ្យមានការរីកចម្រើន៕




























មតិយោបល់