ព័ត៌មានជាតិ

Tundra ខ្ទិចទាំងសងខាង បន្ទាប់ពីសាស័របើកបុករួចផ្លោងខ្ទាតទៅបុក នឹងរថយន្តដឹកគ្រឿងចក្រ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលសាស័រមួយគ្រឿងបើកឆ្លងផ្លូវទៅបុករថយន្ត Tundra យ៉ាងពេញទំហឹងរួចផ្លោងទៅបុករថយន្តសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ចំណែករថយន្ត Tundra រងការខូចខាតខ្ទិចទាំងសងខាង។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិស្រែរាជ្ជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញសាស័រមួយគ្រឿងខាងលើ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវក៏ជ្រុលទៅបុករថយន្តម៉ាក Tundra ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AJ-7179 ដែលបើកបរទិសដៅពីជើងទៅត្បូង ចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងទៅបុករថយន្តដឹកគ្រឿងចក្រមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ស្វាយរៀង 3A-3718 ដែលធ្វើដំណើរពីត្បូងទៅជើង បណ្តាលឲ្យខូចខាតផ្នែកខាងមុខ ចំណែករថយន្ត Tundra រងការខូចខាតខ្ទិចទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងរួចរាយការណ៍បន្តទៅជំនាញចរាចរណ៍ក្រុង ដើម្បីចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្ត៕

មតិយោបល់