ព័ត៌មានជាតិ

​រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ នៅខេត្តឧត្តរមានជ័យ​

រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ បុក​គ្នា​ពេញទំហឹង​ត្រង់​ផ្លូវបំបែក​ជា​កែង​ជា​៤ ​យ៉ាងហោចណាស់​មនុស្ស​២​នាក់ បាន​ស្លាប់​ខណៈពេលដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​រងរបួស​ធ្ងន់​២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តក្រុង បុក​គ្នា​ពេញទំហឹង ជាមួយ​រថយន្ត​កូ​រ៉ូ​ណា របស់​មន្ត្រី​យោធា ហេតុការណ៍​នេះ បាន​

កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ផ្លូវ ហាយវ៉េ និង​ផ្លូវជាតិ​លេខ PR-១៧៤ ផ្លូវបំបែក​ក្រុង​សំរោង អន្លង់វែង និង​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ស្ថិតនៅ​ក្នុងភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុន​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង បើក​ក្នុងទិសដៅ​ប្រសព្វ​ទិស​គ្នា ដោយ​រថយន្ត​តូយ៉ូតា​កូ​រ៉ូ​ណា ពណ៌​ត្រេអ៊ី​របស់​មន្ត្រី​យោធា បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពី​ទីរួមស្រុក​អន្លង់វែង ឆ្ពោះទៅ​ក្រុង​សំរោង នៅលើ​ផ្លូវជាតិ​លេខ PR-១៧៤ ហើយ​រថយន្តក្រុង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង គឺ​ពី​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ឆ្ពោះទៅ​ខេត្តសៀមរាប នៅលើ​កំណាត់​ផ្លូវជាតិ​ហាយវ៉េ មកដល់​ចំណុចកើតហេតុ រថយន្ត​ទាំង​២​គ្រឿង បាន​បើក​

យ៉ាង​លឿន ដោយ​មិន​បន្ថយល្បឿន ចំពោះ​ផ្លូវ​ខាងមុខ ជា​ផ្លូវបំបែក​ជា​៤ ហើយ​ក៏បាន​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង ដោយ​រថយន្តក្រុង​អូស​គាប​រថយន្ត​កូ​រ៉ូ​ណា ធ្លាក់ចូល​ប្រឡាយ​ខាងស្តាំ ក្រឡាប់​ផ្ងារជើង​ធ្វើឱ្យ​កំពិត​ខ្ទេច រួញ​ចូលគ្នា​ខូចខាត​ទាំងស្រុង រីឯ​រថយន្តក្រុង បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ផងដែរ បន្ទាប់មក​តៃកុង​រថយន្តក្រុង​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អន្លង់វែង បានឱ្យដឹងថា រថយន្ត​

តូយ៉ូតា​កូ​រ៉ូ​ណា​សេរី​ឆ្នាំ​១៩៩៦ ពណ៌​ត្រីអ៊ី​ពាក់​ស្លាក់​លេខ ខ​.​ភ​.​ម​០៦​លេខ​២-១៧១៩​បើកបរ​ដោយ​ជន​គ្រោះ​ឈ្មោះ នួន លីម អាយុ​៤៦​ឆ្នាំ ប្រុស ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ កន្លះ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ រឹម សំ​រ៉ស់ ភេទ​ប្រុស ជា​មន្ត្រី​យោធា អ្នក​ទាំង​២​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ជាមួយគ្នា និង​អ្នករួមដំណើរ ២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ទី​១.​ឈ្មោះ ជួន ជាតិ​ប្រុស

ជា​មន្ត្រី​យោធា និង​ទី​២.​ឈ្មោះ ប្រាង្គ ហៅ​បារាំង ប្រុស ជា​មន្ត្រី​យោធា ដែល​អ្នក​ទាំង ៤​នាក់ បម្រើ​ការងារ​អង្គភាព​យោធា ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៤ ហើយ​ពួកគាត់​ទាំង​៤​នាក់ ទើបនឹង​តែ​ត្រឡប់​មកពី​រៀន នៅ​កងពលធំ​អន្តរាគមន៍​លេខ​២ ខេត្តសៀមរាប រីឯ​រថយន្តក្រុង​ក្រុមហ៊ុន ហាវ​សាន់ ដឹក​ភ្ញៀវ​កាស៊ីណូ ពណ៌​ខៀវ​ឆ្នូត​សរ ពាក់​ស្លាក់​លេខ ភ្នំពេញ ៣A-៣៤៦៩

ដែល​អ្នកបើកបរ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​ ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់វែង បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ នឹង​រឹបអូស​យក​វត្ថុតាង រថយន្ត​មក​រក្សាទុក នៅ​ស្នាក់​នគរបាល​ស្រុក រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​នៅពេល​ក្រោយ ៕
34

25

មតិយោបល់