ភ្នំពេញៈ នៅវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ជនសង្ស័យទី១មានឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ឈ្មោះ គីម ឆៃលី ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទីយប់ បន្ទាប់ពីពួកគេទាំង២នាក់ បានធ្វើសកម្មភាពឆក់ការបូបស្ពាយ ពីជនរងគ្រោះជាជនបរទេស ដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅត្រង់ចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតឃើញក៏ប្រដេញតាមភ្លាមៗ រហូតដល់ចំណុចផ្លូវ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនពួកគេទាំង២នាក់បានភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មុនពេលធ្វើសកម្មភាពពួកគេទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា BEAT ពណ៌ផ្កាឈូកលាយខ្មៅ ស្លាកលេខភ្នំពេញ1GP-0227 ក្នុងបំណងទៅដើរលេងនៅម្តុំវិមានឯករាជ្យ ដោយឈ្មោះ គីម ឆៃលី ជាអ្នកឌុប ហើយពួកគេជិះទៅវិញទៅមក ដើម្បីរកឆក់សម្ភារៈពីអ្នកដំណើរ បន្ទាប់មកពួកគេបានជិះចេញពីវិមានឯករាជ្យ ដល់មុខផ្សារឡាក់គី ក៏បានឃើញជនបរទេសប្រុសស្រី២នាក់ កំពុងដើរស្ពាយការបូប លើដងផ្លូវ ដោយឃើញឱកាសល្អពួកគេ បានជិះម៉ូតូទៅក្បែរជនបរទេសទាំង២នាក់នោះ ហើយបានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះតែម្តង តែសំណាងអាក្រក់ ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតឃើញ ក៏ប្រដេញតាមរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង២នាក់ ដើម្បីកសាងសំណុំរឿង រួចបញ្ជូនទៅតុលារការ៕
មតិយោបល់