ភ្នំពេញៈ ផ្ទុយពីព័ត៌មានស្រពិចស្រពិល ព័ត៌មានច្បាស់ការបានអះអាងថា កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor របស់ទូរទស្សន៍ហង្សមាសដែលនឹងលេចរូបរាងក្នុងពេលខាងមុខ ត្រូវបានសម្រេចផ្លូវការកំណត់យកតារា៤រូបឲ្យធ្វើជាគណកម្មការផ្ដល់ពិន្ទុហើយ។ តារាទាំង៤នោះរួមមាន លោកព្រាប សុវត្ថិ កញ្ញា សុគន្ធ និសា អ្នកនាង យក់ ឋិតរដ្ឋា និងលោកហ្សូណូ។ ក្នុងចំណោមគណកម្មការទាំង៤នេះ គឺហាក់ចាប់អារម្មណ៍ចំពោះវត្តមានរបស់សុគន្ធ និសា និងយក់ ឋិតរដ្ឋា ជាងគេ ប៉ុន្តែសម្រាប់លោកហ្សូណូវិញ ត្រូវបានអ្នកលេងហ្វេសប៊ុកតិចតួចយល់ថាមិនទាន់សមសម្រាប់ការផ្ដល់ពិន្ទុនៅឡើយ។ យ៉ាងណាមិញ ដំណឹងផ្លូវការត្រូវបានប្រកាសថាលែងមានការប្រែប្រួលទៀតហើយ បន្ទាប់ពីមានការកំណត់ឯកភាពភាពទាំងស្រុងពីហង្សមាស និងម្ចាស់កម្មវិធីX-Factor របស់បរទេស។
ប្រភពពីមន្ត្រីហង្សមាសបានអះអាងថា ក្នុងពេលដំបូងៗតារាទាំង៤ខាងលើពិតជាត្រូវបានកំណត់យកធ្វើជាគណកម្មការផ្ដល់ពិន្ទុរបស់កម្មវិធីX-Factor ប្រាកដមែន ប៉ុន្តែនៅគ្រាន់តែជាដំណឹងដែលគ្រោងចាត់ចែងដោយហង្សមាសប៉ុណ្ណោះ ដោយមិនទាន់មានការឯកភាពទាំងស្រុងពីម្ចាស់កម្មវិធីដែលខាងហង្សមាសសុំទិញផ្ដាច់មុខយកមកធ្វើកម្មវិធីនោះទេ។ ប៉ុន្តែដំណឹងផ្លូវការលោកបានបញ្ជាក់ថា ខាងម្ចាស់កម្មវិធី និងហង្សមាសបានសម្រេចកំណត់យកលោក ព្រាប សុវត្ថិ អ្នកនាងយក់ ឋិតរដ្ឋា សុគន្ធ និសា និងលោកហ្សូណូឲ្យក្លាយជាគណកម្មការផ្ដល់ពិន្ទុសម្រាប់ការប្រលងហើយ ដោយបានទាំងកុងត្រាតារាទាំង៤ មិនឲ្យទទួលការនៅអំឡុងកម្មវិធីដំណើរការនោះផងដែរ។
យ៉ាងណាមិញ គេមិនទាន់ដឹងថាកម្មវិធី X-Factor នឹងដំណើរពេលណាឲ្យច្បាស់នោះទេ ដោយគ្រាន់តែអះអាងថាក្រោយពីកុងត្រាទទួលយកគណកម្មការដែលជាតារាចម្រៀងទាំង៤រួចហើយ គឺត្រូវចំណាយពេលបង្វឹកពួកគេ និងចាត់ចែងក្រុមការងារផលិតបន្ថែមទៀត មុននឹងដំណើរជ្រើសរើសបេក្ខជនបេក្ខនារីឲ្យចូលប្រលង។ តារាទាំង៤នឹងត្រូវបង្ហាញខ្លួនក្នុងវេទិកាជ្រើសរើសបេក្ខជនបេក្ខនារីដូចគ្នានឹងកម្មវិធី The Voice និង Cambodia got talent ដែរ។
នេះជាដំណឹងដែលអ្នកគាំទ្រលោកព្រាប សុវត្ថិ អ្នកនាងយក់ ឋិតរដ្ឋា សុគន្ធ និសា និងលោកហ្សូណូចង់បាន ខណៈដែលមុននេះបន្តិចមានការលើកឡើងច្រើនសារតែគណកម្មការផ្ដល់ពិន្ទុនៅក្នុងកម្មវិធីនេះ នឹងមានការផ្លាស់ប្ដូរ ហើយមិនទាន់ច្បាស់ថាជាអ្នកណាឲ្យប្រាកដនោះ។ មកទល់ពេលនេះមានការអះអាងថាតារាទាំងពីរត្រូវបានបង្វឹកយ៉ាងសកម្ម ហើយសុគន្ធ និសា និងយក់ ឋិតរដ្ឋា ត្រូវគេរំពឹងថានឹងស្ទុះឡើងកេរ្តិ៍ឈ្មោះប្រដំប្រសងនឹងឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែលជាខ្លាញីរបស់ហង្សមាសនោះដែរ៕
មតិយោបល់