ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយនឹងម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្ក បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៦-១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌សលាយទឹកប្រាក់ មិនស្គាល់់ស្លាកលេខ បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយឈ្មោះ លី ចំរើន ភេទប្រុស អាយុ៥៥ឆ្នាំ ដែលកំពុងជិះម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែករថយន្តបង្កបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់