ព័ត៌មានជាតិ

ឡិចស៊ីស ស្លាកលេខភ្នំពេញ2AD-1002បុកម៉ូតូ ប្តីនិងប្រពន្ធមានផ្ទៃពោះ រងរបួសធ្ងន់!

​ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ស្រវឹងជោកខ្លួន បើករថយន្តម៉ាកឡិចស៊ីស RX៣០០ ជ្រុលទៅបុកម៉ូតូប្តីប្រពន្ធ២នាក់ ជិះឈប់អែបចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងរុញផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជិះម៉ូតូ១គ្រឿង ម៉ាកហុងដា អ៊ែប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FJ-3814 ជិះប្តីប្រពន្ធ២នាក់បានឈប់អែបចិញ្ចើមផ្លូវ ពីកើតទៅលិច ខណ:នោះស្រាប់តែរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-1002 បើកបរដោយបុរសម្នាក់ អាយុប្រហែល២៥ឆ្នាំ ធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកម៉ូតូចំពីក្រោយរុញផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឲ្យប្រពន្ធព្រមទាំងមានផ្ទៃពោះផងនោះ រងរបួសធ្ងន់ និងប្តីរងរបួសស្រាលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូមកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់