តាកែវៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាបានធ្វើសកម្មភាពប្រដាប់ដោយខ្សែក្រវ៉ាត់និងដាវ ជិះម៉ូតូដេញវាយទៅលើជនរងគ្រោះមានគ្នា២នាក់ បណ្តាលឲ្យរបួស។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទី នៅចំណុចមុខការិយាល័យកសិកម្ម ស្រុកត្រាំកក់ ស្ថិតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះទី១មានឈ្មោះ វ៉ន ណៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងទី២ឈ្មោះ មិន សុផា ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ ចំពីខាងក្រោយបណ្តាលឲ្យរងរបួសស្រាល និងខូចខាតម៉ូតូមួយចំនួន។
ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ មានទី១ឈ្មោះ យិន សុគន្ធវិរៈ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ និងទី២ឈ្មោះ តុង ជីវ័ន្ត ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ រីឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ ព្រមទាំងដកហូតម៉ូតូ២គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់