ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង២០និង០០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងរថយន្តកែច្នៃ ស្ថិតលើផ្លូវជាតិលេខ៥៩ ក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០១គ្រឿង កម្រិតស្រាល និងមនុស្សរងរបួសស្រាលចំនួន ០២នាក់ប្រុស ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរម៉ូតូឈ្មោះ សៅ វិទ្ធ ភេទប្រុស អាយុ ៥៩ឆ្នាំ (រងរបួសស្រាល) បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-8708 បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ ដែលមានអ្នករួមដំណើរឈ្មោះ ខួន ខុន ភេទប្រុស អាយុ ៤៨ឆ្នាំ (រងរបួសស្រាល ) អ្នកទាំងពីរនាក់ខាងលើមានទីលំនៅបច្ចុប្បន្នរស់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អ្នកបើកបររថយន្តឈ្មោះ ហង់ សារ៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មិនមានរងរបួស) បើកបររថយន្តម៉ាក (ប្រភេទរថយន្តកែច្នៃ) គ្មានស្លាកលេខ បើកបរបត់ឆ្លងផ្លូវ ទិសដៅពីលិចបត់ទៅត្បូង។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង និង អ្នកបើកបររថយន្ត បើកបរដោយខ្វះការប្រុងប្រយ័ត្ន រួមទាំងយានយន្ត ពុំត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស (ពុំមានភ្លើងស៊ីញ៉ូត្រឹមត្រូវ)។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីដោះស្រាយតាមនីតិវិធី៕



មតិយោបល់