ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៩០-១៩១ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ម្ចាសម៉ូតូមានឈ្មោះ អ៊ី ហ្សី ភេទប្រុស អាយុ៥១ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ទៀង យ៉ាន ភេទស្រី អាយុ៤៥ឆ្នាំ អ្នកទាំង២ ស្នាក់នៅក្រុមទី១១ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1E-7324។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។
មុនពេលកើតហេតុ គេឃើញរថយន្តមិនចាំម៉ាកបានធ្វើដំណើរ ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតមកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធើ្វការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់