ព័ត៌មានកីឡា

យល់យ៉ាងណាដែរ ចំពោះការសម្រេចចិត្តរបស់អ្នកចាំទីវ័យ​ក្មេងអ៊ីតាលីរូបនេះ

អ្នកចាំទីវ័យ១៨ឆ្នាំរបស់អ៊ីតាលី Gianluigi Donnarumma បានសម្រេចចិត្តចង់បន្តកុងត្រាថ្មី ជាមួយក្រុម AC Milan ដើម្បីបន្តអាជីពរបស់រូបគេ នៅអ៊ី​តាលី ជាបន្តទៀត។

បើតាមការចុះផ្សាយរបស់ Gazzetta Dello Sports ក្នុងប្រទេសអ៊ីងតាលី បានឲ្យដឹងថា អ្នកចាំទីវ័យក្មេង កំពុងមានប្រជាប្រិយភាព Gianluigi Donnarumma កំពុងតែស្នើបន្តកុងត្រាថ្មីជាមួយក្រុម AC Milan ។ ជាការពិតណាស់ Donnarumma ហាក់ដូចជាមិនចង់ចាកចេញពី ក្រុម AC Milan ឡើយ ព្រោះថាវ័យរបស់គេនៅក្មេងខ្ចី ភាពល្បីល្បាញរបស់គេ កើតចេញពី AC Milan ផងដែរ។ ម្យ៉ាងវិញទៀតនោះ Donnarumma ចង់ជួយឲ្យក្រុម AC Milan ឈ្នះពាន Serie A សិនមុនការចាកចេញរបស់គេ ខណៈក្រុមបីសាច​ក្រហមអ៊ីតាលីមួយនេះ ខកខានឈ្នះជាយូរណាស់មកហើយ។

ក្នុងនោះដែរ ការស្នើ​បន្តកុងត្រាថ្មី ជាមួយក្រុម AC Milan នេះដែរ បានធ្វើឲ្យក្លិបបាល់ទាត់កំពូល២ មានការខកចិត្តយ៉ាងខ្លាំង ស្របពេលដែលក្រុមទាំង២ កំពុងចាប់អារម្មណ៍ អ្នកចាំទី​វ័យក្មេងរូបនេះ។ ក្លិបកំពូលទាំង២ នោះរួមមានដូចជា អធិរាជស Real Madrid និង Paris Sait Germain ដែលកំពុងប្រជែងគ្នា ចង់បានអ្នកចាំទីរូបនេះ។ យ៉ាងណាវិញ Gianluigi Donnarumma មិនចង់ចាកចេញពី​ AC Milan ឡើយដោយកីឡាករូបនេះ បានសម្រេចចិត្តស្នើសុំ បន្តកុងត្រាថ្មី ជាមួយក្លិបអ៊ីតាលី​នេះវិញ។

គួរបញ្ជាក់ផងដែរថា Donnarumma បានក្លាយ ជាទីចាប់អារម្មណ៍របស់ក្លិបធំៗ តាំងពីរដូវក្តៅកន្លងមកម្លេះ បន្ទាប់ពីអ្នកចាំទីវ័យក្មេងរូបនេះ បានបង្ហាញទម្រង់លេង​យ៉ាងល្អ ឲ្យក្រុម AC Milan កាលពីរដូវកាលមុន។ ជាងនេះទៅទៀត Gianluigi Donnarumma ត្រូវបានគេ​ជឿជាក់ថា នឹងក្លាយជា Gianluigi Buffon ថ្មី របស់ក្រុម​ជម្រើសជាតិអ៊ីតាលីផងដែរ។

មតិយោបល់