ព័ត៌មានជាតិ

ចប់បាត់! មេជាងសំណង់លួចម៉ូតូកូនជាង មានអីខ្នោះ

ភ្នំពេញៈ បុរសម្នាក់វ័យជាង៣០ឆ្នាំ ប្រកបរបរ ម៉ៅការសំណង់ ខាតបង់គ្មានលុយបើកប្រាក់ខែឲ្យកូនជាង ក៏បែកគំនិតប្រើល្បិចហៅកូនជាងមកហូបបាយនៅបន្ទប់ជួលរបស់ខ្លួន រួចធ្វើសកម្មភាពលួចម៉ូតូកូនជាង តែចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដដែល។

ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក នៅចំណុចផ្លូវលំភូមិថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ដួង សំអុល អាយុ៣១ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិស្វាយម្សៅ ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ វង មនោ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកូនជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមការឲ្យដឹងពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មុនពេលកើតហេតុ មេជាងជាជនសង្ស័យ បានហៅគាត់ទៅហូបបាយនៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី២០១៤ ពាក់ស្លាកលេខ កណ្តាល 1R-0087 ឌុបគ្នា ទៅពេលទៅដល់មុខបន្ទប់ជួលបានចាក់សោត្រឹមត្រូវហើយចូលហូបបាយក្នុងបន្ទប់ ពេលហូបបាយរួចរូបគាត់ក៏ដេកលក់បន្តិច លុះពេលក្រោកពីដំណេកចេញមកវិញ ស្រាប់តែបាត់មេជាងនិងម៉ូតូតែម្តង​ ហើយពេលគាត់ទាក់ទងតាមទូរសព្ទក៏ខលមិនចូល ទើបគាត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួច បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឆែកតាមរយៈកាមេរ៉ាសុវត្ថិភាពផ្ទះប្រជាពលរដ្ឋ ស្រាប់តែឃើញមុខជនសង្ស័យជាអ្នកលួចម៉ូតូខាងលើទៅវិញ ពេលនោះសមត្ថកិច្ចបានសហការជាមួយម្ចាស់ម៉ូតូនិងឈានទៅឃាត់ខ្លួនជនខាងលើបានកាលពីម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំភូមិថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូកូនជាងពិតមែន ដោយសារខ្លួនម៉ៅការធ្វើផ្ទះឲ្យគេខាតបង់ហើយគ្មានលុយបើកឲ្យកូនជាងទើបបែកគំនិតធ្វើបែបនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។ ចំណែកម៉ូតូជនរងគ្រោះត្រូវប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕

មតិយោបល់