កម្មវិធីCambodian Idol រដូវកាលទី៣ បានទទួលការចាប់អារម្មណ៍តែម្ដង កាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយសារតែបេក្ខជនបេក្ខនារីដែលបានបង្ហាញខ្លួន សុទ្ធតែមានទឹកដមសំឡេងមិនធម្មតា និងមានសមត្ថភាពបន្ថែមពីសមត្ថភាពសំឡេងនោះផង។ ក្នុងចំណោមបេក្ខជនបេក្ខនារីដែលទទួលបានសំបុត្រមាស ពីគណគម្មការទាំង៤រូបនៅក្នុងការប្រលងសប្ដាហ៍នេះ បេក្ខនារីវ័យ១៧ឆ្នាំ កញ្ញា ចាន់ ឡៃវលក្ខ៍ បានក្លាយជាអ្នកជាប់មួយរូប ដែលមានទឹកដមសំឡេងមិនធម្មតា រហូតធ្វើអោយគណកម្មការទាំង៤ ជាពិសេសគឺ លោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ស្លុងអារម្មណ៍ និងលាន់មាត់សរសើរមិនដាច់ពីមាត់នោះផង។
កញ្ញាឱក សុគន្ធកញ្ញា បានអះអាងថា បេក្ខនារី ចាន់ ឡៃវលក្ខ៍ ក្រៅពីមានសមត្ថភាពមិនធម្មតាក្នុងការបកស្រាយប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងចេះលាក់កម្លាំង ធ្វើឲ្យសំឡេងស្ដាប់ទៅមានកម្លាំងហើយមិនហត់ និងពិរោះស្ទើររកកន្លែងខុសអត់បាន។ កញ្ញាថាប្អូនជាបេក្ខនារីដែលមានសំឡេងល្អកម្ររកបាន ដោយចេះថ្លឹងសំឡេង ចេះប្រើគ្រលុកគ្រលាក់សំឡេងមិនធម្មតា ហើយប្អូនជាក៏បេក្ខនារីវ័យក្មេងដែលមានសំលេងគ្រលួចយ៉ាងរន្ដំផងដែរ។
លោកព្រាប សុវត្ថិ បានអះអាងថាទឹកដមសំឡេងរបស់នាង មិនដូចជាអ្នកច្រៀងផ្ទាល់នោះទេ គឺសមតែចាក់ដោយឧបករណ៍ច្រើនជាង ដោយសារតែសំលេងរបស់នាងអត់មានកន្លែងទាស់ ហើយពីរោះជាប់ចិត្តមិនធម្មតា។ លោកថាបានស្ដាប់សំឡេងរបស់នាង គឺរកកន្លែងចំណុចខុសឆ្គងមិនបាន ដោយលោកសរសើរថាទាំងសំឡេង ទាំងទឹកដមសំឡេង របស់នាងគឺពិតជាពីរោះ ហើយលោកប្រាប់ថាលោកពេញចិត្តរបស់នាងខ្លាំងណាស់សម្រាប់ការបកស្រាយបទចម្រៀងដែលបាន ចាន់ ឡៃវលក្ខ៍ ជ្រើសយកមកប្រលងនោះ។
មិនខុសគ្នាដែរ លោកណុប បាយ៉ារិទ្ធ និងលោក ឆន សុវណ្ណរាជ ក៏សរសើរបេក្ខនារីរូបនេះ មិនដាច់ពីមាត់ដូចគ្នាផងដែរ។ អ៊ីចឹងហើយទើបបេក្ខនារី ចាន់ ឡៃវលក្ខ៍ ត្រូវបានគេកត់សម្គាល់កាន់តែខ្លាំង បន្ទាប់ពីបានស្ដាប់ទឹកដមសំឡេងរបស់នាង ហើយពិតជាពីរោះក្រអួនក្រអៅមិនធម្មតា ក្រោយពីបានទស្សនាវីដេអូប្រលងរបស់នាងនៅក្នុងសប្ដាហ៍ទី១របស់កម្មវិធី Cambodian Idol កាលពីយប់ថ្ងៃទី១៥ ធ្នូដែលជាវគ្គបង្ហាញបេក្ខជនបេក្ខនារីក្នុងសប្ដាហ៍ទី១ ក្នុងចំណោមបេក្ខជនបេក្ខនារីដែលមានសមត្ថភាពមិនទាន់បង្ហាញខ្លួនច្រើនទៀត។
ចង់ដឹងថាគណកម្មការទាំង៤ សរសើរ បេក្ខនារីរូបនេះមិនដាច់ពីមាត់យ៉ាងណា សូមទស្សនាវីដេអូឃ្លីប៖
មតិយោបល់