ព័ត៌មានជាតិ

គេទៅទារលុយជំពាក់ បែរជាវាយគេរបួសធ្ងន់!

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៤៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ ឈ្មោះ លី ចាន់រ៉ាម៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវលេខ១៥៦ ក្រុម៤ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ៖ បង្កទំនាស់វាយតប់គ្នា ប្រព្រឹត្តនៅចំណុចផ្ទះលេខ១២៨ ផ្លូវលេខ១៥៦ ក្រុម៤ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភាគីរងគ្រោះ ឈ្មោះ គឹម ដាលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ចងការប្រាក់) ស្នាក់នៅផ្ទះលេខ២៧C ផ្លូវេលខ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (រងរបួសពកក្បាលពីក្រោយខាងស្តាំ និងមានស្នាមឆូតក្រចកនៅចុងភ្នែកខាងស្តាំ)។

នៅពេលវេលាខាងលើជនរងគ្រោះបានជិះម៉ូតូម៉ាកZoomer X ឌុបបងស្រីបង្កើតមកចំណុចកើតហេតុ ដើម្បីទារប្រាក់ដែលជនសង្ស័យបានជំពាក់ ដោយសារតែជនរងគ្រោះទូរសព្ទមកជនទំនើងមិនលើក។ ពេលនោះជនរងគ្រោះ បានចតម៉ូតូត្រឹមត្រូវរួចដើរទៅគោះទ្វារបន្ទប់របស់ជនទំនើងនៅជាន់ទី២ ទើបធ្វើឲ្យ ជនទំនើងច្រឡោតខឹងក៏បានបើកទ្វារបន្ទប់ស្ទុះមកវាយជនរងគ្រោះទាំងកំហឹងតែម្តង។ រហូតទាល់តែបងស្រីជនរងគ្រោះមកបំបែកគ្នាចេញ ទើបជនរងគ្រោះរត់រួចខ្លួន ភ្លាមនោះជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់