ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ម៉ែយ៉ែមម្នាក់ដាក់គុក ៧ឆ្នាំ

ភ្នំពេញៈ ដូចអ្វីដែលបានកំណត់ទុកនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះលោក ម៉ុង មុនសោភា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសេវនាការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ផៃ ចន្ថា ភេទស្រី អាយុ ៣៤ឆ្នាំ ទីលំនៅស្រុកកៀនស្វាយ ខេត្តកនណ្តាល ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្ត ទៅជនរងគ្រោះឈ្មោះ ន.ម.ល.ក ភេទស្រី ចំនួន ៣០០០ដុល្លារ ពីបទ ការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្ដកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពីធ្វើអាជីវកផ្លូវភេទ។

នៅក្នុងសវនាការកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ផៃ ចន្ថា បានឆ្លើយថា ខ្លួន និងនារីរងគ្រោះ រស់នៅក្នុងភូមិជាមួយគ្នា ដោយខ្លួនមានប្តីនៅប្រទេសចិន។

នៅពេលខ្លួនមកលេងស្រុកកំណើត ជនរងគ្រោះ បានសុំឱ្យខ្លួន នាំទៅការប្តីនៅប្រទេសចិនដែរ។

ក្រោយមកខ្លួនបានជួយ ជនរងគ្រោះឱ្យទៅការប្តីនៅប្រទេសចិន បានសម្រេច ដោយបានលុយ ១២០០ដុល្លារពីប្តីចិន។

លុយនោះខ្លួន រត់ការធ្វើឯកសារយកនាង ទៅអស់ ៧០០ដុល្លារ និងឱ្យថ្លៃទឹកដោះទៅម្តាយនាង ២០០ដុល្លារ។

ជនរងគ្រោះ បានបញ្ជាក់ក្នុងសវនាការថា ក្រោយពេលដែលខ្លួនរៀបការជាមួយប្តីចិនរួច នៅក្នុងរយៈពេល ៣ ខែដំបូង មិនមាន រឿងអ្វីកើតឡើងទេ ប៉ុន្តែក្រោយមកប្តីចិននោះចេះតែរករឿង និងបង្ខំរួមភេទ ទាំងពេលមានរដូវ។

នាងបន្តថា ប្តីចិននោះនិយាយ ប្រាប់ថា គេបានចំណាយប្រាក់អស់ ២២,០០០ ដុល្លារ ដើម្បីយកខ្លួនទៅដល់ប្រទេសចិន និងបានឱ្យលុយទៅជនជាប់ចោទឈ្មោះ ផៃ ចន្ថា ចំនួន ៧,០០០ ដុល្លារ ដើម្បីយកឲ្យ ម្តាយខ្លួនជាថ្លៃទឹកដោះ តែតាមការពិត ម្តាយខ្លួនមិនបានទទួលនោះទេ។

ក្រោយពីទ្រាំនឹងការធ្វើបាបរបស់ប្តីចិននោះមិនបានទើប ជនរងគ្រោះ ឱ្យម្តាយនៅស្រុកខ្មែរផ្ញើលុយ ៣,៥០០ដុល្លារ ដើម្បីធ្វើដំណើរមកស្រុកខ្មែរវិញ ដោយមានស្ត្រីខ្មែរម្នាក់ នៅប្រទេសចិន ជាអ្នកជួយឱ្យបានត្រលប់មកវិញ។

ក្រោយមកដល់ប្រទេសកម្ពុជា ជនរងគ្រោះបាន ប្តឹងទៅសមត្ថិច្ចឱ្យតាមចាប់ជនជាប់ចោទយកទៅផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់