ព័ត៌មានជាតិ

អុញទៀតហើយ! រកឃើញនំបាញ់ឌុក មានជាតិគីមីបូរ៉ាក់

សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលសាខាខេត្តសៀមរាប បានចុះអង្កេត និងពិនិត្យទំនិញដែលកំពុងដាក់តាំងលក់នៅផ្សារចាស់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ ។

ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន១៤មុខ ដែលរួមមាន៖ គុយទាវសរសៃតូច គុយទាវសរសៃធំ មីលឿង លត សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ក្រួចក្លាសេ បង្កងក្លាសេ គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ បង្អែមលតអង្ករ និងបង្អែមនំបាញ់ឌុក ត្រូវបានយកមកពិសោធពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់ ។

ជាលទ្ធផលផលិតផលដែលពិនិត្យទាំង ១៤មុខនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន ១៣មុខ ។ ដោយឡែកចំពោះបង្អែមនំបាញ់ឌុក ត្រូវបានវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូតបានចំនួន ១០.៥០គីឡូក្រាម និងកំទេចចោលភ្លាមៗ ព្រមទាំងបានឲ្យអ្នកលក់ និងជាអ្នកផលិតផ្ទាល់ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់នូវការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ករណីមិនរាងចាល នឹងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់