ព័ត៌មានជាតិ

ផែស្ងួត សូរ ងួន នៅតែបំពានបំរាមរបស់អាជ្ញាធរ

ស្វាយរៀងៈ ក្រុមហ៊ុនផែស្ងួត សូរ ងួន ក្រុងបាវិត នៅតែរឹងទទឹងចំពោះចំណាត់ការអាជ្ញាធរ ខណៈអាជ្ញាធរបានណែនាំច្រើនលើកច្រើនសារពីរឿងដែលក្រុមហ៊ុនធ្វើឲ្យខូចខាតផ្លូវជាតិលេខ១ បណ្ដាលឲ្យមានជង្ហុគធំៗ និងដក់ទឹកស្ទើរតែចិញ្ចឹមត្រីបាន ហើយថែមទាំងតែងតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ រហូតមានអ្នកបាត់បង់ជីវិតជាច្រើននាក់ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុន សូរ ងួន ក្រុងបាវិត នៅតែធ្វើមិនដឹង មិនឮដដែល។

រហូតមកដល់ពេលនេះ គេសង្កេតឃើញកំណាត់ផ្លូវជាតិលេខ១ ចំណុចមុខក្រុមហ៊ុនផែស្ងួត សូរ ងួន នោះ វាស្ទើរតែក្លាយទៅជាផ្លូវដីក្រហមទៅហើយ ដោយសាតែជង្ហុគធំៗនៅមុខផែស្ងួត ដែលរថយន្តកុងតឺន័ររាប់រយគ្រឿងបើកចេញចូលក្នុងផែ បណ្តាលឲ្យខូចខាតកំណាត់ផ្លូវជាតិលេខ១នេះ។

ប៉ុន្តែក្រុមហ៊ុនហាក់ធ្វើមិនដឹង មិនឮ មិនព្រមធ្វើការជួសជុលផ្លូវដែលខូចខាតនៅខាងមុខច្រកចូលនោះឡើយ គឺគ្រាន់តែចាក់ខ្សាច់ភ្នំប៉ុណ្ណោះ ដែលនៅពេលមានភ្លៀងម្តងៗ បែកល្បាប់ភក់ពេញផ្លូវជាតិ ធ្វើឲ្យអ្នកដំណើរជិះម៉ូតូរអិលដួល ហើយនៅពេលរាំងភ្លៀង ដីក៏ហុយមកលើផ្ទះប្រជាពលរដ្ឋជិតខាង មិនអាចរកស៊ីលក់ដូរបាននោះទេ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាវិត បានឲ្យ Post News ដឹងថា ជាច្រើនឆ្នាំមកនេះ ផ្លូវនៅមុខផែស្ងួត សូរ ងួន នេះ គឺរងការខូចខាតខ្លាំងណាស់ មិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធណាមានវិធានការ ឬទប់ស្កាត់ដល់ក្រុមហ៊ុនផែស្ងួតមួយនេះ ឲ្យមកជួសជុលនោះទេ។

ប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់ស្នើដល់អាជ្ញាធរជំរុញឲ្យខាងក្រុមហ៊ុនជួយជួសជុលផ្លូវជាតិ ត្រង់មុខផែស្ងួតនេះឡើងវិញផង ព្រោះចូលដល់រដូវវស្សា នឹងមានទឹកដក់ដូចស្រះអញ្ចឹង ហើយវានឹងអាចមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។
ពាក់ព័ន្ធករណីនេះ លោក សេង សិលា អភិបាលក្រុងបាវិត បានប្រាប់តាមទូរស័ព្ទឲ្យ Post News ដឹងថា កន្លងមក សាលាក្រុងបាវិត ធ្លាប់បានចេញលិខិតឲ្យក្រុមហ៊ុនផែស្ងួត សូរ ងួន ធ្វើការជួសជុលផ្លូវខាងមុខក្រុមហ៊ុននោះហើយ។ លោកបញ្ជាក់ថា បើទោះជាអាជ្ញាធរណែនាំជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែខាងក្រុមហ៊ុននេះ មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីឡើយ។

បើតាមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលផ្លូជាតិចំណុចមុខផែស្ងួតនេះជាញឹកញាប់ណាស់ដែរ តែមិនអាចទ្រទ្រង់នឹងទម្ងន់ធ្ងន់ៗរបស់រថយន្តកុងតឺន័រ និងរថយន្តដឹកហ្គាសរាប់រយគ្រឿងចេញចូលក្នុងមួយថ្ងៃៗ បណ្តាលឲ្យមានជង្ហុគធំៗឡើយ។ ថែមលើសពីនេះ បើទោះជាផ្លូវចំណុចមុខផែស្ងួតខូចខាតខ្លាំងប៉ុណ្ណាក៏ដោយ ក៏ក្រុមហ៊ុនមិនអើពើជួសជុលម្តងណាទេ។

ប្រជាពលរដ្ឋក្រុងបាវិត បានសំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាជួយចាត់វិធានការលើក្រុមហ៊ុនផែស្ងួត សូរ ងួន នេះឲ្យជួសជុសកំណាត់ផ្លូវជាតិលេខ១ មាត់ទ្វារចេញចូលក្រុមហ៊ុនវិញឡើងវិញផង៕

photo_2016-06-09_14-42-09photo_2016-06-09_14-42-09 (2)photo_2016-06-09_14-42-08photo_2016-06-09_14-42-08 (2)photo_2016-06-09_14-42-07

មតិយោបល់