កណ្តាលៈ ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបាននាំមកសាលាដំបូងខេត្តកណ្តាល ដើម្បីជំនុំជម្រះ។
ជនល្មើសទាំង៧ នាក់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា ៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទា ទោសដាក់ពន្ធនាគារ ចន្លោះ ពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ។
សូមរំឭកថា ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើកនោះ ត្រូវបានកម្លាំងកងអាវុធហត្ថខេត្តកណ្តាល សហ ការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងអាវុធហត្ថខេត្តព្រៃវែង តាមស្រាវជ្រាវរហូតបង្ក្រាបបានជាបន្តបន្ទាប់។
ក្រោយការបង្ក្រាប និងឃាត់ខ្លួនបានរយៈពេលប៉ុន្មានថ្ងៃកន្លងមក ក្រុមចោរទាំងនេះ ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដឹកនាំដោយលោក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតផងដែរ។
លោក ទូច អ៊ីណាន បានឲ្យដឹងថា ជំហានដំបូងកម្លាំងជំនាញបង្ក្រាប បានក្រុមបក្ខពួក០៥នាក់ នៅវេលាម៉ោង៩ និង៤០ នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចដងផ្លូវជាតិ៨A ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី១.ឈ្មោះ ស៊ាន សឿន ហៅម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច ទី២.ឈ្មោះ សួន ភស្ត័ ហៅ ឌុក អាយុ១៨ឆ្នាំ រស់នៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ទី៣.ឈ្មោះ នូ វ៉ាត អាយុ១៩ឆ្នាំ រស់នៅភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច ទី៤.ឈ្មោះ វ៉េង សុខម៉េង អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ និងទី៥.ឈ្មោះ តក់ ភក្ត្រា អាយុ១៧ឆ្នាំ រស់នៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច។
ដោយក្នុងនោះ ដកហូតម៉ូតូ០២គ្រឿង ម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FK-7083 និងមួយគ្រឿងទៀត ម៉ាក Nix ពាក់ស្លាកលេខព្រៃវែង 1K-3622 ដាវដែក១ដើម ទូរស័ព្ទ០៣គ្រឿង និងសំលៀកបំពាក់សម្រាប់ធ្វើសកម្មភាពក្លែងភេទ។
បើតាមលោកមេបញ្ជាការរង ក្រោយពីសាកសួរ លុះដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជំនាញបន្តទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅចំណុច អាងទឹកស្តាតអូឡាំពិច (ភ្នំពេញ) និងស្រុកកៀនស្វាយ ដោយទី១. ឈ្មោះ ស្រេង សាឡេន អាយុ២២ឆ្នាំ ទី២.ឈ្មោះ ផាន សំណាង អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ ស៊ាត ពិសី អាយុ២២ឆ្នាំ (ឃាត់ខ្លួននៅស្រុកកៀនស្វាយ) ក្នុងនោះដកហូតបានម៉ូតូចំនួន៤គ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ1CK-0477 ម៉ាក Nix ស្លាកលេខកណ្តាល1P-4494 ម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ឆ្នាំង1F-0759 ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1FS-2515 និងបន្តទៅ ដកហូតម៉ូតូ២គ្រឿងទៀត នៅហាងបញ្ចាំឃ្លាំងរំសេវ ដែលជារបស់មិត្តភក្ដិជនល្មើស។
យ៉ាងណាមិញ ចំពោះបក្ខពួកក្រុមចោរប្លន់ចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចសួរនាំរួចឃើញថា មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មប្លន់នោះទេ ដោយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចដោះលែងឲ្យមានសេរីភាពវិញផងដែរ។
លោក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់ បន្ទាប់ពីក្រុមទាំងនេះ ធ្វើសកម្មភាពវាយប្លន់ បច្ចុប្បន្នកម្លាំងអាវុធហត្ថ បានប្រគល់ម៉ូតូ និងទ្រព្យសម្បត្តិជូនជនរងគ្រោះវិញផងដែរ៕
មតិយោបល់