ភ្នំពេញៈ យុវជនម្នាក់ ត្រូវសមត្ថកិច្ចទួលសង្កែចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះជួល ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីរូបគេចាប់បង្ខំក្មេងស្រីម្នាក់រំលោភរហូតបានសម្រេច ២ដង។
យុវជនសង្ស័យឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅជាមួយមីងផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯមខេត្តកណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ គ.ល អាយុ ១៧ឆ្នាំ មុខរបរ ជាអ្នករត់តុ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា និងមានស្រុកកំណើតនៅភូមិត្រដក់ពង ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានយកកូនកាំបិតមកបង្ហាញ ហើយបាននិយាយប្រាប់ទៅក្មេងស្រីរងគ្រោះថា កាំបិតនេះទុកសម្រាប់សម្លាប់មនុស្ស។ លុះមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីជនសង្ស័យបានលក់ដូរចប់ ក៏បានសុំម្ចាស់ផ្ទះចូលទៅដេកខាងក្នុងផ្ទះដែររាល់ដងជនសង្ស័យតែងតែដេកនៅខាងក្រៅផ្ទះរហូត។ លុះដល់ម៉ោង១យប់រំលងអធ្រាត្រជនសង្ស័យក៏បានចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច២ដង ដោយលើកទី១ វេលាម៉ោង ១យប់ និងលើកទី២ វេលាម៉ោង៣នាទីទៀបភ្លឺ ហើយបានគំរាមសម្លាប់ក្មេងរងគ្រោះចោលបើហ៊ានប្តឹងសមត្ថកិច្ច។
ប្រភពបន្តទៀតថា ដោយសារក្មេងស្រីរងគ្រោះនោះ មានការភ័យខ្លាចដោយជនសង្ស័យបានគំរាមសម្លាប់បំបិតមាត់ ហើយក្មេងស្រីរងគ្រោះមិនហ៊ានស្រែកទេ ដោយទុកឲ្យជនសង្ស័យរំលោភបានសម្រេច។
ក្រោយពីកើតហេតុក្មេងស្រីរងគ្រោះបានទៅប្រាប់បងប្រុស ពេលដឹងរឿងថា បងប្រុសក៏នាំប្អូនទៅប្ដឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ និងទាមទារសំណងជំងឺ ចិត្ត។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់