ភ្នំពេញៈ ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាកាប់ វាយប្លន់ម៉ូតូ និងម្នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីស្រាវជ្រាវ ជុំវិញករណីកាប់ វាយប្លន់យកម៉ូតូ ម៉ាកស្កុបពី ១គ្រឿង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ រហូតដល់វេលាម៉ោង១រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ទើបឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបចាប់ជនសង្ស័យ ប្លន់បានទាំងសំបុក នៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងចុះទៅដល់កន្លែងទទួលផលចោរកម្ម នៅផ្ទះជាងជួសជុលទិញលក់ម៉ូតូ តាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង រកឃើញម៉ូតូជាច្រើនគ្រឿង មិនប្រក្រតី។
លោក យឹម សារ៉ាន់ អធិការខណ្ឌ បានឲ្យដឹងថា ជនសង្ស័យនិងជនពាក់ព័ន្ធទាំង៧នាក់នេះ ទី១ ឈ្មោះ ហួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងទិញលក់ម៉ូតូ ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម , ទី២ ឈ្មោះ ផល ចារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឥន្ទ សង្កាត់ស្នោ ,ទី៣ ឈ្មោះ វ៉ាន់ សុខនីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង, ទី៤ ឈ្មោះ អេង លីហុ័ង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែអំពិល សង្កាត់សំរោងក្រោម ,ទី៥ ឈ្មោះ ប៊ុត ជាលីនុ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ សាមគ្គី១ សង្កាត់ត្រពាំងក្រសាំង , ទី៦ ឈ្មោះ ភាព មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ស្រែតេជ្ជៈ សង្កាត់សំរោងក្រោម និងទី៧ ឈ្មោះ លី សុគន្ធបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះលើកចុងក្រោយ ឈ្មោះ ឈាង ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកម៉ូតូដែលក្រុមជនសង្ស័យវាយប្លន់ យកកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-9384 ត្រូវបានរកឃើញ នៅផ្ទះទទួលបញ្ចាំ ទិញលក់ខាងលើ តែត្រូវបាន ម្ចាស់ផ្ទះ ដោះគ្រឿងបំបែកចេញអស់ សល់តែតួឆ្អឹងប៉ុណ្ណោះ។
លោក យឹម សារ៉ាន់ អធិការខណ្ឌ បានឲ្យដឹងទៀតថា ក្រោយពីស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មក្នុងមូលដ្ឋាន ឈានដល់ ឃាត់ខ្លួន អ្នកទទួលផលចោរកម្ម និងឆែកឆេរផ្ទះ រកឃើញផ្ទះចំនួន៤កន្លែង ស្តុក ទុកម៉ូតូ ចម្រុះ មានទាំង ម៉ូតូបញ្ចាំ ម៉ូតូទិញពីក្រុមចោរលួច ចោរប្លន់ ជាច្រើនគ្រឿង ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយកម្លាំង ចុះឆែកត្រួតពិនិត្យ ផ្ទះទាំង៤ រកឃើញទាំងសម្ភារៈ គ្រឿង សម្រាប់ផ្លាស់ប្តូ កែច្នៃបំភ័ន្តម៉ូតូទៀតផង ។
បច្ចុប្បន្នជនសង្ស័យនិងជនពាក់ព័ន្ធ រួមទាំងម៉ូតូទាំងអស់ និងគ្រឿងម៉ូតូជាច្រើន ត្រូវបាន សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ និងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់បន្តទៀត៕
https://youtu.be/gbmROmr6UV4
មតិយោបល់