ព័ត៌មានជាតិ

Update : ជនជាតិវៀតណាម២នាក់បើកបរក្នុងស្ថានភាពស្រវឹង បុកម៉ូតូបណ្តាលឲ្យនារីម្នាក់ស្លាប់

កណ្តាល: ភ្នាក់ងារPost News Mediaប្រចាំខេត្តកណ្តាលបានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ២១ ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។

ប្រភពបន្តថា មុនពេលកើតហេតុមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-1377 បើកបរដោយឈ្មោះ លីវ សុផាត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម មានមុខរបរបើកបររថយន្ត ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមដំណើរជាមួយឈ្មោះ លីវ វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងម៉ូតូម៉ាកហុងដា សេ៩០ (គុបជ្រុង) បើកបរដោយឈ្មោះ ហេង វ៉ាន់ថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ (មិនពាក់មួកសុវត្ថិភាព) ស្នាក់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ខណៈដែលម៉ូតូកំពុងបើកស្របទិសគ្នាបណ្ដាលអោយដួលម៉ូតូហើយត្រូវរថយន្តកិនស្លាប់នៅនិងកន្លែងកើតហេតុ ។ ភ្លាមនោះអ្នកបើកបររថយន្តបានព្យាយាមបើកគេចខ្លួន តែត្រូវបានសមត្ថកិច្ចជំនាញរួមទាំងកម្លាំងអន្តរាគមន៍ស្រុកនិងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដឹកនាំដោយលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ឃាត់បាននៅខាងមុខប៉ុស្តិ៍នគរបាលក្រាំងយ៉ូវទាំងរថយន្តទាំងអ្នកបើកបររថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ។

ក្រោយពេលសាកសួរអ្នកបើកបររថយន្ត សមត្ថកិច្ចបានវាស់ជាតិអាកុលតៃកុងឃើញមានកម្រិតជាតិអាកុលចំនួន០,៤៨មីលីក្រាមក្នុងមួយលីត្រខ្យល់ ។

បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានលោកព្រះរាជអាជ្ញា លាវ ស្រេង អនុញ្ញាត្តិអោយឃាត់ខ្លួននៅវេលាម៉ោង៤និង៥៧នាទីល្ងាច ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ ៕

https://youtu.be/SYf5QsV-fTs

មតិយោបល់