ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោ ឃាត់ខ្លួនយកទៅសាកសួរជាបន្តបន្ទាប់ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ឌឿន ម៉េងឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបប មិនពិតប្រកដស្នាក់នៅ ផ្ទះជួល ក្នុងបុរីសន្តិភាព២ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ (ជាអ្នកជួញដូរ) ទី២.ឈ្មោះ អេង វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបមិនពិតប្រកដ ស្នាក់នៅភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ទី៣.ឈ្មោះ សុខ ដាវី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបប រត់តុ ក្នុងហាង ៩៩៩ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ និង៤.មានឈ្មោះ ឡុង ឌី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបប ទិញអេតចាយ ស្នាក់នៅ ផ្ទះជួលភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នោះ កម្លាំងជំនាញបានទទួលដំណឹងពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើថា មានក្រុមក្មេងប្រុសស្រី បានពពាក់ពពូនគ្នា ចែកចាយនិងប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង ដោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោ បានចុះឃ្លាំមើលនៅចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ ឌឿន ម៉េងឆាយ កំពុងតែឈរ រេរ៉នៅតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួននិងសុំធ្វើការឆែកឆេរ ស្រាប់តែរកឃើញនូវថ្នាំ ប្រភេទក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច សង្ស័យជាសាធាតុញៀន រួចហើយក៍បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគបាលពងទឹក និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជាបន្តបន្ទាប់បន្ថែមទៀត នៅទីតាំងបីផ្សេងគ្នា ព្រមទាំងគ្រឿងញៀន១កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបានយកទៅសាកសួរបន្តទៀតនៅអធិការខណ្ឌដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងនោះ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ច បានដកហូតថ្នាំប្រភេទ ក្រាបពណ៌សថ្លា ចំនួន១១កញ្ចប់តូច ថង់សម្រាប់ច្រកថ្នាំមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។
បន្ទាប់ពីសាកសួររួច ជនសង្សយ័ព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ច កសាងសំនុំរឿងបញ្ជូន ទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីបញ្ជូនបន្តទៅតុលាការ៕
មតិយោបល់