ជាទូទៅ អ្នកប្រើប្រាស់ iPhone ភាគច្រើនតែងគិតថា ទូរសព្ទដៃរបស់ខ្លួនចុះខ្សោយល្បឿនដំណើរការប្រើប្រាស់ និងចេះតែដើរគាំងៗ បណ្តាលមកពីអាយុកាលរបស់វា។ ប៉ុន្តែ យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយលើគេហទំព័រ cnet បានអះអាងថា មូលហេតុនៃបញ្ហាគឺមិនមែនដូច្នោះនោះទេ។ វាប្រហែលជាជាប់ពាក់ព័ន្ធនឹងអាយុកាលថ្មរបស់ទូរសព្ទទៅវិញទេ។
លោក Jonh Poole ស្ថាបនិកនៃ Primate Labs ដែលជាក្រុមហ៊ុនមួយនៅពីក្រោយកម្មវិធីកំណត់ស្តង់់ដាអង្គប្រតិបត្តិការទូរសព្ទឈ្មោះ Geekbench បានលើកឡើងក្នុងប្លុកថ្មីមួយថា ទូរសព្ទដៃ iPhone 6 និង iPhone 7 មានបញ្ហាទូទៅរួមមួយ ហើយនឹងកាន់តែអាក្រក់ឡើងៗនៅពេលថ្មរបស់ពួកវាកាន់តែចាស់ទៅៗ។
លោក Poole រកឃើញថា ថ្មទូរសព្ទទាំងពីរម៉ូឌែល កាលណាវាកាន់តែចាស់ និងកាន់តែធ្លាក់ចុះថាមពល អង្គប្រតិបត្តិរបស់ពួកវាក៏កាន់តែចុះខ្សោយ ហើយថមថយល្បឿនដំណើរការទៅតាមនោះផងដែរ។
លោកពន្យល់ថា អ្នកប្រើប្រាស់ទូទៅគិតថា ទូរសព្ទពួកគេដំណើរការយឺត គឺមិនពាក់ព័ន្ធទៅនឹងអាយុកាលថ្មនោះទេ ប៉ុន្តែ ធាតុពិតជាក់ស្តែង ឆ្លងកាត់តាមការធ្វើពិសោធរបស់លោក គឺពួកគេគិតខុសហើយ។
លោកបន្ថែមថា បញ្ហាមួយផ្នែកទៀត គឺបណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple ដែលប្រហែលនាំឱ្យកើតមានបញ្ហាទូរសព្ទ iPhone មួយចំនួនចេះតែរលត់ដោយខ្លួនវាភ្លាមៗ។
ទាក់ទងបញ្ហាទាំងនេះ អ្នកប្រើប្រាស់ភាគច្រើនយល់ថា ទូរសព្ទពួកគេល្មមដល់ពេលប្តូរថ្មីហើយ ប៉ុន្តែ ពួកគេប្រហែលមិនធ្លាប់គិតថា វាល្មមដល់ពេលប្តូរថ្មថ្មីនោះទេ។
លោក Poole បន្ថែមទៀតថាថា ទំនោរចិត្តបែបនេះ គឺស៊ីចង្វាក់គ្នាទៅនឹងគោលបំណងរបស់ក្រុមហ៊ុនផលិត ដែលអាចកើតចេញពីការគ្រោងទុករបស់ក្រុមហ៊ុនទាំងនោះ ដើម្បីជំរុញឱ្យអតិថិជនខ្លួនបោះបង់ផលិតផលចាស់ ផ្លាស់យកផលិតផលថ្មី។
ទាក់ទងនឹងបញ្ហានេះ យោងតាមប្រភពព័ត៌មានពី Gadget.ndtvបានឱ្យដឹងថា ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ខ្លួនពិតជាបន្ថយល្បឿនដំណើរការផលិតផលទូរសព្ទ iPhone ទៅតាមអាយុកាលថ្មពិតប្រាកដមែន តែដើម្បីបញ្ជៀសកុំឱ្យទូរសព្ទរលត់នៅពេលដែលចរន្តថាមពលថ្មធ្លាក់ចុះខ្សោយ៕
Apple បកស្រាយពីចេតនាធ្វើឱ្យ iPhone កាន់តែចាស់ ដើរកាន់តែយឺត ទៅតាមអាយុកាលថ្ម
ប្រិយមិត្តអាចបញ្ចេញមតិយោបល់ទាក់ទងទៅនឹងអត្ថបទព័ត៌មាននៅក្នុងប្រអប់ខាងក្រោម៖
មតិយោបល់