ព័ត៌មានជាតិ

ថ្មីទៀតហើយ! អស់ពីចោរលួចកាច់កញ្ចក់ឡាន ចូលដល់ចោរលួចអាគុយឡានម្តង

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឯង នៅវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ល្បាតនៅមុខផ្ទះជួលគ្មានលេខ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ មានការសង្ស័យឃាត់សួរនាំជនសង្ស័យ រួមនិងវត្ថុតាង អាគុយមួយ ដែលបានលួចពីជនរងគ្រោះឈ្មោះ យាត ចន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ យូ បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះបានទុក រថយន្តម៉ាក Hyundia ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ2A-0532 នៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះកង់១គ្រឿង ពណ៌ខ្មៅ មកឈប់ក្បែររថយន្ត រួចធ្វើសកម្មភាពលួចដោះយកអាគុយម៉ាក Long ពណ៌ស ៧០អំពែ ពីរថយន្តជនរងគ្រោះច្រកចូលការុង ដាក់លើកង់ជិះគេចខ្លួន។ លុះដល់ម៉ោង១១និង៣០នាទី ថ្ងៃដដែល ជនសង្ស័យជិះកង់ដឹកអាគុយខាងលើទៅលក់ឲ្យគេនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ច ល្បាតឃើញសង្ស័យឃាត់សួរនាំដឹងរឿង ក៏បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង អាគុយ១,កង់១គ្រឿង,កូនសោ១,ទួណឺវីស១ និងការុង១ មកប៉ុស្តិ៍វាលស្បូវ ចាត់ការតាមច្បាប់។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២លើក -លើកទី១ រយៈពេល៦ខែ ក្នុងឆ្នាំ ២០០៨ ពីបទ ប៉ុនប៉ងប្លន់ និងលើកទី២ រយៈពេល៥ឆ្នាំ ក្នុងឆ្នាំ២០០៩ ពីបទប្លន់ ជនសង្ស័យខាងលើបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១០ឆ្នាំហើយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់