ព័ត៌មានជាតិ

រន្ធត់! រថយន្តបុកម៉ូតូ ស្លាប់ម្តាយ កូនរបួសធ្ងន់

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។

ហេតុការណ៍កើតឡើងនៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៧៦A ភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ជិន អេង ភេទស្រី អាយុ៥៦ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ពៀក ស្រីពេជ ភេទស្រី អាយុ១០ឆ្នាំ(របួសធ្ងន់) និងទី២ឈ្មោះ ពៀក ស្រីពេញ ភេទស្រី អាយុ៧ឆ្នាំ ទាំង៣នាក់ ស្នាក់នៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានធ្វើដំណើរបញ្រ្ចាសទិសនឹងម៉ូតូជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុ ជនបង្កបានជ្រុលចង្កូតទៅបុកម្ចាស់់ម៉ូតូនិងអ្នករួមដំណើរ ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ រីឯជនបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់