ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួន ជនត្រូវចោទ ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
ប្រភពបញ្ជាក់ថា លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ អ៊ិត ពិសិដ្ឋរង្សីភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេធាវី ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តរបស់ជនត្រូវចោទ ម៉ាក ៤៧០ នោះត្រូវបានតុលាការប្រគល់ឱ្យទៅគ្រួសារយកទៅប្រើប្រាស់វិញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។
តាមអ្វីដែលប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានលើកឡើង គឺជនត្រូវចោទ អ៊ិត ពិសិដ្ឋរង្សី គ្រោងនឹងចូលរោងការនៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខ ខណៈលិខិតអញ្ជើញភ្ញៀវត្រូវបានចែកជូន អស់ប្រមាណជា ៧០ភាគរយទៅហើយ ដូច្នេះជនត្រូវចោទទំនងជាមិនជាប់ឃុំយូរប៉ុន្មាននោះទេ។
យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ ៧មករា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបាញ់បោះ សេរីមួយបានកើតឡើង នៅចំណុច ហាងមីទារខ្វៃ មុខពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា ក្បែររបងផ្ទះ របស់លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កឡើងដោយជនសង្ស័យខាងលើ បណ្តាលឱ្យជនងគ្រោះម្នាក់ឈ្មោះ លី តុលា ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវចំមេជើងស្ដាំ។
ក្រោយបាញ់ចំជនរងគ្រោះឈ្មោះ លី តុលា ជនត្រូវចោទបាន គំរាមបាញ់សម្លាប់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ខុន បញ្ចាសិទ្ធិ ដែលព្យាយាមជួយ ជនរងគ្រោះឈ្មោះ លី តុលា។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ ជាមួយរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មួយគ្រឿង និងដកហូតបាន អាវុធខ្លី ម៉ាក GLOCK មួយដើម មានគ្រាប់ចំនួន ១០គ្រាប់ សំបកគ្រាប់ចំនួន ២ និងបង់មួយ។
យោងតាមសមត្ថកិច្ច ជនត្រូវចោទ បានសារភាពថា នៅមុនពេលកើតហេតុខ្លួនបានជិះរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ចេញពីហូបការគេនៅម្តុំផ្សារដើមគរ ទៅផឹកស៊ីបន្តជាមិត្តភក្តិ នៅហាងមីទាខ្វែ ម្តុំផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយពីផឹកស៊ីរួចក៏មានការ បង្អាប់គ្នាលេង រហូតមានរឿងបាញ់នេះតែម្តង។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ិត ពិសិដ្ឋរង្សីភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេធាវី មានទីនៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអត្តលេខ ៩៩១ បានក្លាយជាមេធាវីពេញសិទ្ធិកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីលោកបានធ្វើសម្បថកាលបពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។
បើយោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ ឬគំរាមកំហែងនឹងអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន ទៅ១០លានរៀល៕
https://youtu.be/D1xQsBrQH0o
មតិយោបល់