កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យនគរបាលក្រុងតាខ្មៅ ភ្លាមៗ ខណៈដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច ក្រោយពីបានប្រើប្រាស់គ្រឿងញៀនរួចនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី០១ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងដែកមានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន។ រីឯជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរលក់ដូរ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ លោកបានទទួលដំណឹងថា មានករណីឆក់កាបូប លោកបានបញ្ជារឲ្យកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលតាខ្មៅ ធ្វើការពួនស្ទាក់ ។ស្រាប់តែមួយសន្ទុះកម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចេញទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យម្នាក់បានត្រូវប្រជាពលរដ្ឋចាប់បាននៅនឹងកន្លែងកើតហេតុ វាយមួយដៃ មួយជើងម្នាក់។ កម្លាំងនគរបាលក៏ដឹកយកជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីធ្វើការសាកសួរ និងឆែកឆេរ ឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងកាបូបរបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនទើបពីប្រើប្រាស់គ្រឿងញៀនជាមួយបក្ខពួករួច ទើបចេញធ្វើសកម្មភាពចេញឆក់ ហើយថ្នាំញៀនបានទិញតម្លៃ១០ដុល្លារ ពីវាលខ្សាច់ចាក់អង្រែ៕
មតិយោបល់