ភ្នំពេញៈ បន្ទាប់ពីអង្គភាពសារព័ត៌មាន Post News ទម្លាយរឿងដ៏រសើបមួយជុំករណីមន្ត្រីនគរបាលយកលុយ ឬឃុបឃិតក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យទៅប្រជាពលរដ្ឋវៀតណាម នោះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ផ្កាយ១ម្នាក់ បានប្រតិកម្មភ្លាមៗ ដោយបញ្ជាក់ថា មិនមានការពាក់ព័ន្ធរឿងនេះទេ។ ប៉ុន្តែកូនចៅរបស់លោកម្នាក់ ត្រូវបានក្រសួងមហាផ្ទៃ បញ្ចប់ក្របខ័ណ្ឌជាមន្ត្រីនគរបាល ដោយសារពាក់ព័ន្ធរឿងដ៏រសើបនេះ។
អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍សន្ត លោកឧត្តមសេនីយ៍ត្រី ឆន វុត្ថា ប្រាប់ថា ខ្លួនមិនបានយកលុយពីការចេញចុងសន្លឹកជំរឿនស្ថិតិរបស់ជនបរទេសនោះទេ ដោយហ៊ានស្បថដាក់ជីវិត ដាក់កូន ដាក់ចៅ របស់លោកទាំងអស់។ យ៉ាងណា លោកបញ្ជាក់ថា លោកមិនដឹងថា កូនចៅរបស់ខ្លួនជាប់ពាក់ព័ន្ធជាមួយនឹងជនជាតិវៀតណាម ជាជនជាប់ចោទទាំងនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា កូនចៅរបស់លោកឈ្មោះ អៀង និងកូនចៅឯទៀត ពិតជាបានចេញចុងសន្លឹកសម្រាប់ធ្វើជំរឿនស្ថិតិឲ្យពលរដ្ឋវៀតណាម ពិតប្រាកដមែន។
ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ លោក ឆន វុត្ថា បានបញ្ជាក់បន្ថែមថា ប្រសិនបើចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោកឲ្យទៅបំភ្លឺមែន នោះលោកនឹងទៅ ប៉ុន្តែលោកនៅតែឆ្លើយដដែលថា មិនពាក់ព័ន្ធទេ ព្រោះរឿងនេះ គឺពាក់ព័ន្ធតែនឹងកូនចៅរបស់លោកម្នាក់ទៀត ហើយកូនចៅនោះ ក៏ត្រូវក្រសួងមហាផ្ទៃ បញ្ចប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលហើយដែរ។ ដោយឡែក ចំពោះខ្លួនលោកវិញ កាលពីខែមេសា ឆ្នាំ២០១៦ ក៏ត្រូវសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ពិន័យរដ្ឋបាល ដោយដកភារកិច្ចមិនឲ្យធ្វើ ពោល គឺគ្រាន់តែឲ្យទៅធ្វើការងារធម្មតា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់នៅព្រឹកថ្ងៃនេះដែរថា ចៅក្រមកំពុងរៀបចំសំណុំរឿង ដើម្បីធ្វើការកោះហៅលោក ឆន វុត្ថា មកបំភ្លឺ ជុំវិញការចោទរបស់ជនជាតិវៀតណាម ពាក់ព័ន្ធករណីក្លែងបន្លំឯកសារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យពលរដ្ឋវៀតណាម។ ដោយឡែក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឆ្លើយថា នេះជាកាតព្វកិច្ចរបស់ស្ថាប័នតុលាការ លោកស្នើឲ្យតុលាការធ្វើតាមនីតិវិធីច្បាប់ ដោយសមត្ថកិច្ចរបស់លោកមិនលូកដៃនោះទេ។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានចេញពីសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ឬហៅ តាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ពេលនេះត្រូវបានគេរត់ការប្រុងដោះលែង ខណៈដែលសំណុំរឿងមួយនេះ អាចមានការពាក់ព័ន្ធមន្រ្តីនគរបាលនៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ម្នាក់ ឈ្មោះ ឆន វុត្ថា។
គួររំឭកថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសលើបុរសជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ចំនួន៥១នាក់។
ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ហៅ តាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ត្រូវបានលោក គង់ សំសារ៉េត តំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ និង២០១៦ យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលលុយរត់ការធ្វើលិខិតស្នាមឲ្យជនជាតិវៀតណាម ចំនួន៥១នាក់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ពិតប្រាកដមែន។
ជនជាប់ចោទបន្តថា គាត់បានស្គាល់ឈ្មោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ឋានៈផ្កាយ១ ហើយមន្ត្រីម្នាក់នោះសន្យាថា ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម បាន។ ក្រោយមកឈ្មោះ ឆន វុត្ថា បានប្រើឈ្មោះ អៀង ជាកូនចៅឲ្យរៀបចំធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ទាំងនោះ ប៉ុន្តែការងារនោះ មិនបានសម្រេចទេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនគាត់តែម្តង ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។
ទោះជាយ៉ាងណា ដោយសារតែសំណុំរឿនេះ ពាក់ព័ន្ធនឹងមន្ត្រីនគរបាលអន្តោប្រវេសន៍ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចលើកពេលបន្តសវនាការនៅពេលក្រោយទៀត ដើម្បីឲ្យមានការតទល់គ្នារវាងជនជាប់ចោទ និងនគរបាលអន្តោប្រវេសន៍ដែលរងការចោទប្រកាន់៕








មតិយោបល់