ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត បានបើករថយន្តកាម៉ារីហាយព្រីត មួយគ្រឿង តាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅប៉ះពីក្រោយរថយន្តម៉ាកKIA បណ្ដាលឲ្យរេចង្កូតទៅបុកទ្រូងផ្លូវ បាក់អស់៤កង់រាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង ២០ នាទីយប់ រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកKIA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-1607 បើកបរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកកាម៉ារីហាយព្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-1525 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីកើតមកលិច ស្របទិសពីក្រោយ ក្នុងល្បឿនលឿន វ៉ាជែងក៏ជ្រុលទៅប៉ះរថយន្តម៉ាកKIA ពីក្រោយរងការខូចខាត រួចបន្តតៅបុកទ្រូងផ្លូវបាក់៤កង់រាបដល់ដី សំណាងល្អនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមានប៉ះពាល់ទៅលើមនុស្ស រងការខូចខាតតែរថយន្តទាំងសងខាង និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋ ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្ត ស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់