ព័ត៌មានជាតិ

កាមរីបើកលឿន បុកអ្នកថ្មើរជើង ក្រឡាប់ផ្ងារជើង…

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រឡាប់រថយន្តផ្ងារជើង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះគីឡួម៉ែត្រលេខ៩០-៩១ ភូមិត្រពាំងរំពាក់ ឃុត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ឯម អន ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរ កសិករ(របួសធ្ងន់) ស្នាក់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 2E-0847។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានធ្វើដំណើរស្របទិសនឹងអ្នកថ្មើរជើង ពីលិចទៅកើត បើកក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានជាន់ហ្រ្វាំង ក៏រេចង្កូតទៅប៉ះអ្នកថ្មើរជើង បណ្តាលឲ្យរបួសធ្ងន់ ហើយរថយន្តក្រឡាប់ផ្ងារជើងតែម្តង។ ចំណែកជនបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ រីឯជនរងគ្រោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកត្រាំកក់៕

មតិយោបល់