ព័ត៌មានសេដ្ឋកិច្ច

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មី លេចរូបរាងនៅ តំបន់ជ្រោយចង្វារ

កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាជ្រោយចង្វារ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ២៩១ ផ្លូវជាតិលេខ ៦ អា ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលបំណងនៃ ការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាថ្មីនេះ គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ទីតាំងថ្មីនេះ មានទំហំប្រមាណ ៥ពាន់ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមសាងសង់នៅដើមខែមិថុនា ឆ្នាំ២០១៧នេះ។

មណ្ឌលបំពាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប ២ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០១៧ ដែលខ្សែនីមួយៗមានឧបករណ៍វាស់ផ្សែងសាំង ឧបករណ៍វាស់ផ្សែងម៉ាស៊ូត ឧបករណ៍វាស់ល្បឿន រណ្តៅមើលបាតយាន ឧបករណ៍វាស់ភ្លើង ហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ ឧបករណ៍វាស់លំងាកចង្កូត ឧបករណ៍ថ្លឹងទម្ងន់ និងឧបករណ៍វាស់កម្លាំងហ្វ្រាំង។

ខ្សែនីមួយៗ អាចឆៀករថយន្តបានជាមធ្យម ៩៥គ្រឿង ក្នុងរយៈពេល ៨ម៉ោង ឬត្រូវចំណាយពេល ៥នាទីក្នុងរថយន្ត ១គ្រឿង បើកកាត់ឧបករណ៍ត្រួតពិនិត្យប្រវែង៥០ម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនCMVIC ដែលបាននិងកំពុងបន្តពង្រីកបន្ថែមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងកាត់បន្ថយពេលវេលារង់ចាំទទួលសេវាយូរ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្តរបស់ខ្លួន និងបានស្នើឲ្យប្រជាពលរដ្ឋប្រើប្រព័ន្ធអនឡាញដើម្បីស្នើសុំឈៀកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត និងការស្នើសុំសេវាចាំបាច់ផ្សេងទៀត។

សូមជម្រាបជូនថា ក្រុមហ៊ុន CMVIC បានចាប់ផ្តើមការត្រួតពិនិត្យយានយន្តតាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះមានចំនួន ១៤មណ្ឌល ព្រមទាំងមានម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តចំនួន ២គ្រឿងបន្ថែម ដើម្បីការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តរថយន្តនៅតាមបណ្តាខេត្តនានាដែលមិនទាន់មានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត៕

មតិយោបល់