ព្រៃវែងៈ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានការប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកដោយមានស្នាមរបួសកាប់ចំក្បាលផុងលលាដ៍យ៉ាងរន្ធត់ ក្រោយពីបានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃ។
ករណីនេះកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ភូមិឬស្សីជុកទី១ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆន ឈាន ភេទប្រុស អាយុ៥២ឆ្នាំ បានបាត់ពីផ្ទះអស់រយៈពេលប្រហែល៨ថ្ងៃ ហើយមុនថ្ងៃកើតហេតុ ជនរងគ្រោះបានកាន់ដងសន្ទួចមួយ និងគល់ឬស្សីពីងពង់២កំណាត់ ទៅមើលស្រះទឹករបស់ខ្លួន ដែលមានចម្ងាយប្រហែល១៥០០ម៉ែត្រ ខាងកើតភូមិកើតហេតុ ស្រាប់តែបាត់រហូតមិនឃើញជនរងគ្រោះត្រឡប់មកវិញ ក៏តាមរក តែរកយ៉ាងណានៅតែមិនឃើញ រហូតដល់ថ្ងៃកើតហេតុក៏ប្រទះឃើញសពអណ្តែតក្នុងទឹក ហើយត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរកឃើញថា ការស្លាប់របស់ជនរងគ្រោះខាងលើជាករណីឃាតកម្ម ដោយត្រូវបានជនដៃដល់ វាយពីក្រោយចំក្បាល មានប្រវែង៥សង់ទីម៉ែត្រ ជម្រៅផុងលលាដ៍ក្បាល សង្ស័យប្រដាប់ដោយពូថៅ តែទោះបីយ៉ាងជាណាសមត្ថកិច្ចនឹងបើកការស្រាវជ្រាវបន្តទៀត។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់