ព័ត៌មានជាតិ

ឃុំខ្លួនបុរស ដែលចាក់សម្លាប់សង្សារ ជាបុគ្គលិក KTV ដឹឃ្វីន

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ធ្នូនេះថា លោក ម៉េង តូនី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន បុរសដែលចាក់សម្លាប់សង្សារ ជាបុគ្គលិក KTV ដឹឃ្វីន ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសកាលពីរសៀលម្សិលមិញហើយ។

ប្រភពបន្ដថា លោក វង់ ប៊ុនវិសុទ្ធ ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អា​យុ២២ឆ្នាំ មុខរបរ លក់អាវជជុះ ស្នាក់នៅ​ភូ​មិ​ត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតា​កែ​វ ពីបទ ឃាតកម្ម និងបទ អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ស.ស.យ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ102 ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យ​បាន​សារ​ភាព​នៅ​​ចំពោះ​​មុខ​​សមត្ថកិច្ច​ថា រូបគេ​ពិត​ជា​បាន​​​ចាក់​​សម្លាប់​​នារី​​រង​គ្រោះជាសង្សារ​​មែន។

នៅយប់កើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួន និងនារីរងគ្រោះបានដេកជាមួយគ្នា ពេលនោះនារី​​រង​គ្រោះ​​បាននិយាយ​​ទូរសព្ទ​​ជា​មួយ​​មនុស្ស​​ប្រុសផ្សេងដោយប្រើពាក្យផ្អែមល្ហែមពេក។ ដោយសារតែមាន​​ចិត្ត​​ប្រចណ្ឌនាង ទើបមានការឈ្លោះប្រកែកគ្នាខ្លាំង និងឈានដល់ការចាក់សម្លាប់នាងចោលតែម្តង៕

មតិយោបល់