ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ ទំនងជាកូនអ្នកធំ បើករថយន្តស៊េរីទំនើប បុករះម៉ូតូជាច្រើនគ្រឿង

ភ្នំពេញៈ បុរសទំនងជាកូនអ្នកធំម្នាក់ បានបើករថយន្តម៉ាក PRADO មួយគ្រឿង បុករះស្រ្តីមានផ្ទៃពោះម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងបន្តបុករះម៉ូតូចំនួន ២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ខណៈបើកបរក្នុងស្ថានភាពស្រវឹងស្រាយ៉ាងខ្លាំង (មានផ្សាយផ្ទាល់ នៅហ្វេសប៊ុក Post News Media)។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥០នាទីល្ងាច ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលមានសភាព ស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាក PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២T-៩៦៧៨ មួយគ្រឿង បើកបរក្នុង ល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តមួយកន្លែង ដោយសារតែផ្លូវទាល់ទៅមិនរួច ទើបឈប់មួយភ្លេត។ ភ្លាមៗនោះ បុរសជាអ្នកបើកបរ ក៏បានបើករថយន្តថយក្រោយ ទៅបុកស្រ្តីពោះធំជិតគ្រប់ខែម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្តទៅបុករះម៉ូតូ និងកង់ចំនួន ៣គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ពេលនោះប្រជាពលរដ្ឋ ដែលនៅក្បែរខាង ក៏បាននាំគ្នាយកដុំថ្មគប់កម្ទេចរថយន្តម៉ាក PRADO មួយគ្រឿងនោះ ខូចខាតយ៉ាងដំណំផងដែរ ចំណែកឯបុរសជាអ្នកបើកបរ នៅអង្គុយក្នុងរថយន្ត រហូតទាល់តែសមត្ថកិច្ចមកដល់ ទើបរត់គេចខ្លួនបាត់ស្រមោល ដោយសារតែរូបគេ ជាកូនរបស់អ្នកធំម្នាក់ មិនមានកម្លាំងមាន សមត្ថកិច្ចណាឃាត់ខ្លួនឡើយ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ច បានចុះមកដល់ រួមទាំងឪពុកដែលគេស្គាល់ថា ជាអ្នកធំម្នាក់ចេញមកធ្វើការ ដោះស្រាយជាមួយ និងជនរងគ្រោះប៉ុណ្ណោះ រីឯបុរសអ្នកបើកបររថយន្តបង្ក ត្រូវបានគេដោះលែងឲ្យមានសេរី៕

https://youtu.be/ya4NrqLAC6Q

មតិយោបល់