ភ្នំពេញៈ លោកនាយកសាលាមួយរូប តំណាងឲ្យនាយកសាលាទាំងអស់ក្នុងខណ្ឌដូនពេញបានស្នើឲ្យរដ្ឋបាលខណ្ឌ ជួយទប់ស្កាត់ និរៀបចំសណ្ដាប់ធ្នាប់ដល់អ្នលក់ដូរបែបអាណាធិបតេយ្យនៅជាប់របងសាលា កុំឲ្យកើតមានបែបនេះតទៅទៀត ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពសណ្តាប់ធ្នាប់របស់សាលាផង និងជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សុខភាពសិស្ស តាមរយៈចំណីអាហារគ្មានអនាម័យ និងចំណីអាហារវេចខ្ចប់ដែលហួសកាលកំណត់ប្រើផង។
លោកនាយកសាលារូបនោះបានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកហើយ តាមសាលានីមួយៗ គេតែងតែឃើញអ្នកលក់ចំណីអាហារជារទេះរុញ មកតាំងលក់នៅតាមរបងសាលារាល់ថ្ងៃ ទោះបីជាមានការហាមឃាត់ពីសាលាយ៉ាងណាក៏ដោយ ក៏អ្នកទាំងនោះនៅតែមកលក់ដូរដដែល។
ព្រោះកន្លងមក ក៏ដូចក្នុងពេលសព្វថ្ងៃ គេតែងតែសង្កេតឃើញមានសិស្សមួយចំនួនពុលចំណីអាហារ ឬ ក៏មានការរាគរូសជាដើម ដោយសារតែចំណីអាហារគ្មានអាណាម័យនេះ។
លោកនាយកសាលាបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋានពិភពថ្មី នាព្រឹកថ្ងៃទី១០ ខែមិថុនានេះ។
ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានលើកឡើងថា រដ្ឋបាលខណ្ឌ នឹងខិតខំបំបាត់ឲ្យអស់រាល់ការលក់ដូរចំណីអាហារទាំងឡាយនៅតាមរបងសាលានានាក្នុងខណ្ឌដូនពេញ។ កន្លងមកមានសាលាមួយចំនួនដូចជា សាលាបឋមសិក្សាព្រះនរោត្តម និងវិទ្យាល័យព្រះស៊ីសុវត្ថិជាដើម ក៏ធ្លាប់មានការលក់ដូរដូចនេះដែរ ប៉ុន្តែសព្វថ្ងៃនេះ ត្រូវបានបញ្ចប់អស់ហើយ ដោយគ្មានការលក់ដូរទៀតឡើយ។
លោក គួច ចំរើន បានបញ្ជាក់ថា បរិវេណជុំវិញសាលារៀនមិនត្រូវបានអនុញ្ញាតឲ្យមានការលក់ដូរទេ ពីព្រោះបើមានការលក់ដូរ វាមិនត្រឹមតែបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ ប៉ះពាល់សុខភាពសិស្សប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យរំខានដល់ការសិក្សារបស់សិស្សផងដែរ។
សូមបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋានពិភពថ្មី នាព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានធ្វើឡើងក្រោមវត្តមានលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ , លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ, និង លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។ វេទិការនេះ បានផ្តោតលើប្រធានបទចំនួន៣ រួមមាន៖ ទី១ ការងារសន្តិសុខសណ្តាប់ធ្នាប់, ទី២ ការងារអនាម័យ និងទី៣ ការងារអភិវឌ្ឍន៍មូលដ្ឋាន៕
មតិយោបល់