បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ បានធ្វើការរិះគន់ចំៗ ទៅលើយានដ្ឋានជួសជុលរថយន្តធុនធំមួយកន្លែងក្នុងមូលដ្ឋាន ភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុង បង្កសម្លេងរំខាន គ្មានសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ និងមិនមានសុវត្ថិភាពចំពោះកូនសិស្សសាលាដែលធ្វើដំណើរតាមផ្លូវ។
ការរិះគន់នេះ បន្ទាប់ពីមានករណីផ្ទួនៗ កើតឡើងនិងជាក់ស្តែងរថយន្តយីឌុបមួយគ្រឿងរញ៉ែ ថយក្រោយចេញពីយានដ្ឋានខាងលើទៅបុកបង្គោលភ្លើងរដ្ឋបាក់ខ្ទេចមួយដើម កាលពីយប់ឈានចូលថ្ងៃទី១០ មិថុនា ២០១៦ នៅចំណុចភូមិ-សង្កាត់ខាងលើ។
ជាមួយនិងការរិះគន់នេះដែរ ម្ចាស់យានដ្ឋានរងការរិះគន់ បានឲ្យដឹងថា ត្បិតតែកន្លែងរបស់លោកបង្ក សម្លេងរំខានខ្លះពិតមែន តែនៅពេលម៉ោងសម្រាករបស់ពលរដ្ឋ លោកក៏ឈប់សម្រាកដែរ ហើយកន្លែង របស់លោក ក៏មានច្បាប់អនុញ្ញាតឲ្យដំណើរការត្រឹមត្រូវពីក្រសួងសាធារណការ ចំណែកខាងសណ្ដាប់ធ្នាប់វិញ ក៏មានការអនុញ្ញាតពីសមត្ថកិច្ចផងដែរ។ ដោយឡែកលើបញ្ហាដែលថា មិនមានសុវត្ថិភាពដល់ក្មេងៗ សិស្សសាលាដែលធ្វើដំណើរតាមផ្លូវ លោកគិតថា មិនមែនជាបញ្ហាចោទនោះទេព្រោះ ការធ្វើដំណើរទៅ ឬមកពីសាលារបស់សិស្ស សុទ្ធសឹងតែជាម៉ោងដែលលោកសម្រាកដូចគ្នា ។
សូមបញ្ជាក់ថា កន្លងមកយានដ្ឋានមួយនេះក៏ធ្លាប់បង្ក ភាពភ័យក្លាចដល់ប្រជាពលរដ្ឋ ដូចជា បើករថយន្តសាកជ្រុលបុករថយន្តផ្សេងទៀតជាញឹកញាប់។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុង ពង្រឹងច្បាប់លើយានដ្ឋានជួសជុល និងដំឡើងរថយន្តកែច្នៃ ឲ្យអនុវត្តត្រឹមត្រូវតាមច្បាប់ ដូចនេះសង្ឃឹមថា យានដ្ឋានខាងលើ នឹងធ្វើការកែសម្រួលនូវអ្វីដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
មតិយោបល់