ព័ត៌មានជាតិ

មាន់តម្លៃជិត១ម៉ឺនដុល្លារ ត្រូវបានកម្ទេចចោលនៅព្រឹកនេះ..

កណ្ដាលៈ នគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះ កម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលមានម្ចាស់ទីតាំងឈ្មោះ ថៃ ផានី ហៅម៉ាប់ កូនប្រសារលោកហ៊ុន សាន។

ដីកាសម្រេចរបស់លោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និង ជាចៅក្រមស៊ើបសួរ ព្រមទាំងលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល យល់ឃើញថា”ការថែរក្សានូវមាន់ជល់ចំនួន៩២ក្បាល មានការលំបាកនិងចំណាយសោហ៊ុយផ្សេងៗនិងដើម្បីបង្ការកុំឲ្យមានបទល្មើសកើតឡើងជាថ្មី និង ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ “។

គួររំលឹកថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល និង នៅស្រុកបាទី ខេត្តតាកែវ លោក ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។ រីឯអ្នកលេងល្បែងជល់មាន់៦៤នាក់ ត្រូវបានតុលាការតុលាការជំនុំជម្រះភ្លាម រួចផ្តន្ទាទោសមួយខែតែទោសនេះត្រូវព្យួរ ហើយដោះលែងឱ្យមានសេរីភាពឡើងវិញ ។

មន្ត្រីតុលាការបញ្ជាក់ថា លោក ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ”ភ្នាក់ងារល្បែងស៊ីសងខុសច្បាប់”តាមមាត្រា៥ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង”។

ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕

មតិយោបល់