ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធអំពីបទល្មើស លួចកាត់ខ្សែភ្លើង។ ចំណែកបក្សពួក៣នាក់ទៀតកំពុងគេចខ្លួន។
ការឃាត់បង្ក្រាបនិងឃាត់ខ្លួនខាងលើនេះ ប្រព្រឺត្តនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង១៥នាទីយប់ ស្ថិតក្នុងរបងផ្ទះគ្មានលេខ ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឈឿន វែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានផ្ទុកសារធាតុញៀនក្នុងទឹកនោមផងដែរ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ាង សាវឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ២១ ផ្លូវរថភ្លើង ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់បង់ខ្សែភ្លើងចំនួន៤សរសៃ ទំហំប៉ុនចង្អុលដៃ ប្រវែង៦ម៉ែត្រ និងដង្កាប់ចំនួន១។
មុនពេលកើតហេតុ ជនរងគ្រោះបានទទួលទូរសព្ទ ពីអ្នកជិតខាងនៅនឹងកន្លែងកើតហេតុថា មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង ហើយត្រូវបានប្រជាពលរដ្ឋនៅទីនោះឃើញក៍នាំគ្នាស្រែកថាចោរៗ ហើយក៏នាំគ្នាដេញចាប់ជនសង្ស័យបានម្នាក់ និងបក្ខពួកជនសង្ស័យ៣នាក់ទៀត បានគេចខ្លួន។
រីឯជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម យកមកធ្វើការសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់