ព័ត៌មានជាតិ

ស្រវឹងបើករថយន្តរេពេញផ្លូវបុកគេហើយ ជជែកតឹងសសៃ.ក

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តរេពេញផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលគេចមកឆ្វេងដៃ ចូលចំណីផ្លូវខាងរថយន្តប ណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ មុខភោជនីយដ្ឋានតុក្តកាក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជនីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ ភ្នំពេញ 2G-3969 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅឆ្វេងដៃ រួចទាញមកស្តាំដៃវិញ ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-7938 ដែលកំពុងជិះបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង ឃើញសភាពមិនស្រួលបានគេចម៉ូតូមកខាងឆ្វេងដៃ ចូលមកចំណីផ្លូវខាងរថយន្ត ត្រូវបានរថយន្តបុកតែម្តង បណ្តាលឲ្យរងរបួសស្រាល។ ចំណែកម៉ូតូខូចខាតផ្នែកខាងស្តាំ។ រីឯរថយន្តខូចខាតផ្នែកខាងស្តាំខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះម្ចាស់រថយន្តនិងម៉ូតូបានប្រកែកគ្នាមួយប្រាវយកឈ្នះរៀងៗខ្លួនផងដែរ។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួសគ្នាដោយមិនមានភាគីខាងណាសងខាងណា និងបានត្រឡប់ទៅផ្ទះរាងខ្លួន៕

មតិយោបល់