ភ្នំពេញៈ បុរសម្នាក់កំពុងបើករថយន្ត លុចស៊ីស មួយគ្រឿងមានគ្នា៤នាក់ ដោយបើកបរតាមផ្លូវជាតិលេខ៦A បាននិយាយទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ផាកពិន័យ បែរជា
ម្ចាស់រថយន្ត មិនព្រមចុះទេ ថែមទាំងបើករថយន្តបុកសមត្ថកិច្ចទៀត សំណាងល្អមិនបណ្តាលឱ្យរងរបួសនោះទេ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចហាងនំបុ័ងភ្នំពេញ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចចរាចរណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ជើងគោក និងកម្លាំងសមត្ថកិច្ចអន្តរាគមន៍រាជធានីភ្នំពេញ បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ជើងគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦A មុខហាងនំបុ័ងភ្នំពេញ ខណៈដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ មានរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-3597 បើកបរក្នុងទិសដៅពីជើងទៅត្បូង (ចូលរាជធានីភ្នំពេញ) បាននិយាយទូរស័ព្ទពេលកំពុងបើកបរ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ដែលកំពុងឈរអនុវត្តច្បាប់ចរាចរណ៍នៅទីនោះ បានឃាត់រថយន្តឲ្យចូលអែបខាង ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ចរាចរណ៍ ដែលបានកំណត់ ។ ប៉ុន្តែម្ចាស់រថយន្ត មិនបានចុះនោះទេ បែរជាបើករថយន្តបុកកម្លាំងសមត្ថកិច្ច ឈរនៅខាងមុខ ឃើញដូចនោះ កម្លាំងសមត្ថកិច្ចបានយកបារ៉ាស់មកដាក់ពីមុខ និងពីក្រោយរថយន្ត តែម្ចាស់រថយន្តនៅតែបន្តបើកទៅមុខទៀត ហើយ កម្លាំងសមត្ថកិច្ចបានយកដុំថ្មចំនួន២ដុំ ដាក់បាំងពីមុខ និងពីក្រោយ ធ្វើឲ្យរថយន្តមិនអាចទៅមុខរួច ។
ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បានទៅនិយាយជាមួយម្ចាស់រថយន្តម្តងទៀត ដោយហៅឲ្យម្ចាស់ចុះ ដើម្បីទទួលការផាកពិន័យ តែម្ចាស់រថយន្តមិនព្រមចុះ ទើបសមត្ថកិច្ចនាំខ្លួន និងយករថយន្ត ទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់